ព័ត៌មានជាតិ

កម្ពុជា៖ មហាសមុទ្រពិភពលោក កំពុងមានបញ្ហាបម្រែបម្រួលអាកាសធាតុ

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានចាប់អារម្មណ៍ថា មហាសមុទ្រពិភពលោកកំពុងជួបប្រទះ បញ្ហាប្រែប្រួលអាកាសធាតុ ដែលបណ្តាលឲ្យរលាយទឹកកកនៅតំបន់ប៉ូល និងមានកំណើនកម្ពស់នីវ៉ូទឹកសមុទ្រ អាស៊ីតកម្មទឹកសមុទ្រ ការបំពុលបរិស្ថានសមុទ្រ និងការបាត់បង់ធនធានជីវៈចម្រុះ​នៅ​ក្នុងសមុទ្រនិងតំបន់ឆ្នេរ។ល។ លោកបានលើកឡើងបែបនេះ នៅក្នុងសន្និសីទ “មហាសមុទ្រយើងលើកទី៣” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីម្សិលមិញនេះ ។

លោក សាយ សំអាល់ បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យបរិស្ថាន ដើម្បីលើកកម្ពស់កិច្ចគាំពារ​បរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដែលរួមចំណែកយ៉ាងសំខាន់ដល់ការធានាសុវត្ថិភាពសមុទ្រ និងតំបន់ឆ្នេរ។

លោកបានបន្តថា ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជា០១ នៅខែឧសភា ឆ្នាំ២០១២ ការត្រួតពិនិត្យនិងវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍ សម្បទានដី​សេដ្ឋកិច្ច ការបង្រ្កាបបទល្មើសព្រៃឈើ ការកែសម្រួលតួនាទីភារកិច្ចពាក់ព័ន្ធនឹងការងារអភិរក្សនិងអភិវឌ្ឍ ការបង្កើតឧទ្យានសមុទ្រនិងតំបន់ការពារថ្មីៗនៅតាមតំបន់ឆ្នេរ ការពង្រឹងសមត្ថភាពស្ថាប័ន ការរៀបចំក្រមបរិស្ថាន ការរៀបចំយុទ្ធសាស្ត្រនិងផែនការសកម្មភាពបរិស្ថានជាតិ ការផ្ទេរមុខងារគ្រប់គ្រងបរិស្ថានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ការចូលជាសមាជិកនៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន និងពិធីសារណាហ្គោយ៉ា ការកែលម្អប្រព័ន្ធចុះបញ្ជីនាវា និងការរៀបចំផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ល។

ក្នុងនោះដែរ លោក សាយ សំអាល់ បានអំពាវនាវឲ្យប្រទេសទាំងអស់នៅក្នុងពិភពលោកបង្កើនការប្តេជ្ញាចិត្តបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមជា​សកល​ទាំងនេះ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្តល់ហិរញ្ញប្បទាន និងការផ្ទេរបច្ចេកវិទ្យាដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ការបង្កើតយន្តការរួមគ្នា​ដើម្បីតាម​ដាន​ការអនុវត្តច្បាប់ និងវឌ្ឍនភាពការងារ។

គួរបញ្ជាក់ថា សន្និសីទនេះមានអ្នកចូលរួមប្រមាណ៥០០ នាក់ មកពីបណ្តាប្រទេសទូទាំងពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធ និងបានទទួលការស្វាគមន៍ពីលោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និងការថ្លែងសុន្ទរកថាគន្លឹះរបស់ឯកឧត្តម Barack Obama ប្រធានាធិបតីសហរដ្ឋអាមេរិក ព្រមទាំងបទអន្តរាគមន៍ និងបទបង្ហាញសំខាន់ៗពីតំណាងប្រទេស និងអង្គការ ក៏ដូចជាសកម្មជនបរិស្ថានជាច្រើនរូបទៀតផងដែរ។

នៅវេលាថ្ងៃត្រង់នេះដែរ លោករដ្ឋមន្ត្រី និងសមាជិកគណៈប្រតិភូក៏បានចូលរួមពិសារអាហារថ្ងៃត្រង់នៅទីស្នាក់ការកណ្តាលរបស់អង្គការអភិរក្សអន្តរជាតិ ដោយមានការ​អញ្ជើញ​ចូលរួមពីថ្នាក់ដឹកនាំស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអង្គការពាក់ព័ន្ធនានា ដែលនៅក្នុងឱកាសនោះ ឯកឧត្តមបានជម្រាបជូនភ្ញៀវអំពីកិច្ចខិតខំប្រឹង​ប្រែងក៏ដូច​ជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍ ដោយចីរភាព ហើយបានអំពាវនាវឱ្យមានកិច្ចសហ​ប្រតិបត្តិការល្អ និងការគាំទ្របន្ថែមទៀតពីដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធ ដើម្បីសម្រេចបានជោគជ័យនូវបេសកកម្មដ៏មានសារសំខាន់នេះ ៕

ក្រសួងបរិស្ថាន ក្រសួងបរិស្ថាន ក្រសួងបរិស្ថាន

មតិយោបល់