ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប​ពីរគ្រឿង​ បើកបរលឿនបុក​គ្នា​ពេញទំហឹង បាន​ខ្ទាត​ចូលទៅបុក​ផ្ទះពលរដ្ឋ បណ្តាលឲ្យ​រងការ​ខូច​ខាតយ៉ាងដំណំ

ភ្នំពេញ:​ នា​វេលា​ម៉ោង០​១និង២០នាទីយប់​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​២៧ ខែតុលា ​ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿងម៉ាក Ranger Rover បុកគ្នាជាមួយនឹង​រថយន្ត​ម៉ាក Ford Titanium ​ពេញទំហឹង ​បណ្តាល​ឲ្យ​ខ្ទាត​ចូល​ផ្ទះពលរដ្ឋ​រង​ការ​ខូចខាត​យ៉ាង​ដំណំ ទីតាំងស្ថិតនៅ​ក្បែរ​ប៉ុស្តិ៍​នរគបាលរដ្ឋបាល​បឹងកក់​ទី​១​ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ​។

ហេតុការណ៍៖ នៅ​មុន​ពេល​កើតហេតុ​ គេឃើញ​ស្ត្រី​ម្នាក់ ​បើករថយន្ត​​ម៉ាក​ Ranger Rover មួយគ្រឿង ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ ​2BE-1025 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥២៨​ ពី​ត្បូង​ទៅ​ជើង​​ក្នុង​ល្បឿន​លឿន ហើយស្របពេល​នោះ ក៏មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ Ford Titanium ពណ៌​ប្រផេះ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2D-1811​ បើកបរដោយ​បុរស​ម្នាក់ ​និងមានស្ត្រីម្នាក់​រួម​ដំណើរ​ជាមួយ​ តាម​បណ្ដោយ​ផ្លូវ​៣៣៥​ ពី​លិចទៅកើត​ ​ក្នុង​ល្បឿន​លឿន ពេលមកដល់ត្រង់ចំណុច​កើតហេតុ​ រថយន្ត​ទាំង០២​គ្រឿង ​បុក​គ្នាពេញទំហឹង​ ធ្វើ​ឲ្យ​រថយន្ត Ford Titanium ខ្ទាត​ទៅ​បុក​ចូល​ផ្ទះ​លក់​ចាប់​ហួយមួយកន្លែង ​បណ្តាល​ឲ្យ​បាក់​ទូ​ដែក​ចំនួន​៤ផ្ទាំង រីឯ​រថយន្ត Ford Titanium បាន​រងការ​ខូចខាតក្រពឹត ​និង​បាក់​ក្រឡេ​កង់​ខាងមុខ​ចំហៀង​ខាង​ស្ដាំ​ ។ ចំណែក​ឯ​រថយន្ត​Ranger Rover រងការ​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាង​ដំណំផងដែរ ​។

នៅក្រោយ​ពេលកើត​ហេតុ ​ភាគី​ទាំងពីរបាន​ធ្វើការ​ចរចា​គ្នា​ ដោយ​មិន​ចង់​មាន​រឿង​រ៉ាវ​វែង​ឆ្ងាយ​ ម្ចាស់​​រថយន្ត​ទាំង០២​គ្រឿង ​ក៏​បាន​ព្រម​ចេញ​សំណង​ចំនួន​៥០០ដុល្លារ​ឲ្យ​ទៅ​ម្ចាស់​ផ្ទះ​ និង​ព្រម​យក​រថយន្ត​ទៅ​ជួសជុល​រៀងៗ​ខ្លួន ​ដើម្បី​បញ្ចប់​រឿង ៕

មតិយោបល់