តាកែវៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ ដោយអនុវត្តតាមគោលការណ៍ និងបទបញ្ជាដឹកនាំចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ភូមិឃុំ អធិការនគរបាល និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់គ្រប់ស្រុកក្រុង ត្រូវតែបង្ការទប់ស្កាត់បង្រ្កាបបទល្មើសផ្សេងៗក្នុងមូលដ្ឋានឲ្យខានតែបានដែលខ្លួនទទួលខុសត្រូវ។
ជាក់ស្តែងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ចុះស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងបង្កការឡុកឡុកជិះម៉ូតូដើរ វ៉ៃកាប់តាមផ្លូវសាធារណៈ និងកម្មវីធីបុណ្យកឋិនទាន កាលពីថ្ងៃអង្គារ៍ ១កើតខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២៣និង០០នាទី ចំណុចភូមិត្រពាំងថ្នល់ ឃុំស្រែរនោង ស្រុកត្រាំកក់ មានករណីបង្កអោយខូចខាតមួយកើតឡើងដោយក្មេងទំនើង០១ក្រុមជិះម៉ូតូពី៤ទៅ ៥គ្រឿង មានគ្នាប្រមាណពី៨ នាក់ទៅ១០នាក់ប្រដាប់ដោយដំបង និងដាវបានធ្វើសកម្មភាពចូលទៅវ៉ៃម៉ូតូជនរងគ្រោះចំនួន ០៣នាក់ ដែលកំពង់អង្គុយលេងនៅផ្ទះឈ្មោះ អ៊ីង រ័ត្ន ភេទស្រីអាយុ ៥៩ឆ្នាំនៅភូមិត្រពាំងថ្នល់។
១–ឈ្មោះហៀក សារី ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិបាក់កូដ ឃុំលាយបូរបែកក្បាំងម៉ូតូ និងក្បាលម៉ូតូស៊េរី២០១៨។
២–ឈ្មោះហុង លីភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិត្រពាំងថ្នល់ ឃុំស្រែរនោង ខូចម៉ូតូស៊េរី២០១៩បែកក្បាំង ក្បាលមុខ និងស្លាកលេខ។
៣–ទឹម គង្គា ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិត្រពាំងថ្នល់ ឃុំស្រែរនោង ម៉ូតូស៊េរី២០១៨ខូចខាតក្បាំង.ក និងកំប្លេម៉ូតូរួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចយើងដឹកនាំដោយលោកវរសេនីយ៍ ឯក ឌុក ធឺយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានម្នាក់ឈ្មោះ សៅចេក ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិត្រពាំងខ្លូតឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដមព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សៅ ចេក មកសាកសួរយកចម្លើយក៏បានឆ្លើយសារភាព ហើយកម្លាំងជំនាញបន្តឃាត់ខ្លួនបក្ខពួកចំនួន ០៥នាក់បន្ថែមទៀត និងដកហូតម៉ូតូចំនួន ០៣គ្រឿងដូចខាងក្រោម៖ទី១–ឈ្មោះ លន់ ភក្ដី ហៅទ្រួកភេទ ប្រុស អាយុ ១៨ឆ្នាំ នៅភូមិព្រៃស្នួល ឃុំគុស ទី២–ឈ្មោះ ម៉ែន ភូស៊ីនហៅហ្វូ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ដកហូតម៉ូតូសេ១២៥ ពណ៌ក្រហមស៊េរី២០២១ ផ្លាកលេខតាកែវ ១Y ១៨០២០ ១គ្រឿង ទី៣–ឈ្មោះ ស៊ុយ វាសនាភេទប្រុសអាយុ ១៩ឆ្នាំ នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម ដកហូតម៉ូតូសេ១២៥ ពណ៌ក្រហមស៊េរី២០១៨ ផ្លាកលេខតាកែវ ១Q ៩៩១៣ ០១គ្រឿង ទី៤–ឈ្មោះ ខាន់ វាសនា ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិព្រៃគុយ ឃុំលាយបូរ ដកហូតម៉ូតូសេ១២៥ ពណ៌ខ្មៅស៊េរីពណ៌ខ្មៅ ផ្លាកលេខគ្មាន ទី៥–កែត ឧត្ដម ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម និងបក្ខពួកមួយចំនួនទៀតគេចខ្លួន។ សូមបញ្ជាក់ដែរថាក្រុមក្មេងទំនើងនេះធ្វើសកម្មភាពកាប់តាមដងផ្លូវ កម្មវិធី ការ បុណ្យផ្សេងៗចំនួន ០៧ករណីរួចមកហើយ។ បច្ចុប្បន្នសមត្ថ កិច្ចជំនាញកំពុងសាកសួរកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធីផងដែរ៕
មតិយោបល់