ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានបង្ហាញមុខជនសង្ស័យចំនួន៧នាក់ ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើប្លន់ កាប់ទៅលើជនរងគ្រោះយកម៉ូតូ០១គ្រឿង បានសម្រេចនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។
កម្លាំងជំនាញព្រហ្មទណ្ឌចំណាយពេលជាច្រើនម៉ោងស្រាវជ្រាវ បង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីអធ្រាត្រថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីជនស្ស័យបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូជនរងគ្រោះនៅចំណុចមុខឃ្លាំងលក់ភេសជ្ជៈគ្រប់មុខ ផ្លូវជាតិលេខ៣ ភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៤និង៣០នាទីព្រឹក ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌប បង្ក្រាបចាប់ខ្លួនជនសង្ស័យ ក្នុងអំពើប្លន់ម៉ូតូបានសម្រេច បាននៅពេលនេះ គឺអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីឯកឧត្តមស្នងការបានទទួលព័ត៌មានប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ ។ លុះបន្ទាប់មកកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌចុះសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីស្រាវជ្រាវឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យ និងបង្ក្រាបបានជនសង្ស័យជាបន្តបន្ទាប់០៧នាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខណៈពួកគេព្យាយាមរត់គេចខ្លួន ។
លោកនាយការិយាល័យនគរបាលប្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ប្រាប់ឱ្យដឹងទៀតថា ករណីអំពើប្លន់នេះគឺមុនពេលកើតហេតុមានជនសង្ស័យចំនួន០៩នាក់ ជិះម៉ូតូចំនួន០៤គ្រឿង បានធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ហើយក៏បានឃើញជនរងគ្រោះឈ្មោះ ខឹម ស្រស់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ កំពុងជិះម៉ូតូម៉ាកហុងសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ស្ពឺ 1O-6611 ម្នាក់ឯង ភ្លាមនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូដេញតាមជនរងគ្រោះ ឃើញដូច្នោះជនរងគ្រោះក៏បានផ្តួលម៉ូតូចោលក៏រត់គេចខ្លួន ប៉ុន្តែមានជនសង្ស័យចំនួន០៣នាក់ ដៃកាន់ដាវកាំបិតបុ័ងតោ និងដាវកែច្នៃ បានរត់ដេញតាមទាន់ជនរងគ្រោះពួកវាក៏ធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះជាច្រើនដាវនិងកំបិត បណ្តាលឱ្យជនរងគ្រោះរងរបួសជាធ្ងន់ បន្ទាប់មកពួកវា លើកយកម៉ូតូរបស់ជនរងគ្រោះឌុបបក្ខពួក ជិះគេចខ្លួន ហើយបក្ខពួកផ្សេងទៀតជិះម៉ូតូបិទគូថពីក្រោយក៏បាននាំគេចខ្លួនបាត់អស់តែម្តង ។
ក្រោយពីអំពើប្លន់នោះហើយ កម្លាំងជំនាញព្រហ្មទណ្ឌ ក៏បានស្រាវជ្រាវបង្ក្រាបបានជនសង្ស័យ០៧នាក់ រួមមានឈ្មោះ១- សួន មុន្នីវឌ្ឍនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូនទំនិញក្រុមហ៊ុនហ្វូតផេនដា ស្នាក់នៅផ្ទះលេខ៤៤៣អា ផ្លូវលំ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២-ជា បូណាធីស័ក្ក ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទដៃ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ៣- សុខ សុភី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ ៤- សែត រ៉ាវី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិច្រេស សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ៥- រ៉េត ការិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទាអាំង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ៦-ញាន សុថាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង៧-ឈ្មោះ ភូ សុខហេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវបេតុង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។
វត្ថុតាងចាប់យក៖ -ដាវចំនួន ០១ ដើម -កាំបិតប៉័ងតោ ចំនួន០១ដើម និងភស្តុតាងម៉ូតូរបស់ជនរងគ្រោះ -ម៉ូតូម៉ាកហុងសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ស្ពឺ 1O-661 ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកសាងសំណុំរឿងចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់