ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត០៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើឡើង រថយន្តចំនួន៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្តបង្កហេតុ មួយគ្រឿងម៉ាក Audi Q7 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-5371 ចំណែករថយន្តរងគ្រោះពីរគ្រឿងទៀតនោះ គឺ១-ម៉ាក សឺដែស ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ 2-1151 និងមួយគ្រឿងទៀតម៉ាក ម៉ាស្តា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AL-6389 ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តទាំង៣គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៩៤ ទិសដៅពីកើតទៅលិចស្របគ្នា ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្ត Audi ដែលជារថយន្តបង្កហេតុ បានបើកទៅបុកពីក្រោយរថយន្តម៉ាកសឺដែសពីក្រោយពេញទំហឹង ហើយរថយន្តម៉ាកសឺដែស ក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តម៉ាស្តាបន្តទៀត បណ្តាលឲ្យរថយន្តទាំង០៣គ្រឿង រងការខូចខាតយ៉ាងដំណំ​។ ក្នុងហេតុការណ័នេះ សំណាងល្អហើយមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តម៉ាស្តាដែលជារថយន្តរងគ្រោះ១គ្រឿង បានសម្រេចបើកចេញពីកន្លែងកើតហេតុ ដោយមិនទាមទារសំណងអ្វីឡើយ ព្រោះរថយន្តរបស់គាត់រងការខូចខាតស្រាល ។
បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងនគរបាលចុះមកអន្តរាគមន៍ ធ្វើការសម្របសម្រួលភាគីរថយន្តទាំងសងខាង ដើម្បីបញ្ចប់រឿង ។

ប៉ុន្តែដោយការសម្រួលមិនត្រូវគ្នា ក៏បានសហការជាមួយសមត្ថកិច្ចជំនាញចុះវាស់វែង អូសយករថយន្តទាំង៣គ្រឿងទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់