កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ស៊ីគូភ្នាល់ដាក់ប្រាក់) នៅចំណុចមាត់ច្រាំងទន្លេ ស្ថិតនៅភូមិថ្មី ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ជាលទ្ធផលបង្ក្រាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៦នាក់ រួមនឹងវត្ថុតាងមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ០៦នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
មតិយោបល់