កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយសារតែឈរបើកគោយន្ដថយក្រោយមិនប្រយ័ត្ន បណ្តាលឲ្យកៀបកនឹងមែកចន្ទី ។ ករណីនេះបានកើតឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ស្ថិតនៅភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។
សពជនរងគ្រោះមានឈ្មោះ គួង គួក ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ។
តាមការបំភ្លឺរបស់សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានបើកបរគោយន្តយកមកចតនៅក្រោមដើមចន្ទី រួចមួយសន្ទុះក្រោយមកឡើងឈរបើកថយក្រោយវិញ ខ្វះការប្រុងប្រយ័ត្ន ទើបធ្វើឲ្យអោយដៃចង្កូតគោយន្តគៀបកជាប់នឹងមែកចន្ទី បណ្ដាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
ក្រោយធ្វើកោសល្យវិច័យរួច សពបានប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា ៕

មតិយោបល់