កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ៨កើត ខែកត្ដិក ឆ្នាំខាល ចត្វស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី ក្នុងការដ្ឋានសំណង់ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ សាយ សុខថេង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរកម្មករសំណង់ ។ ជនរងគ្រោះមានរបួសស្នាមបែកគ្រាប់ភ្នែកខាងស្តាំ មួយកន្លែង (របួសធ្ងន់) ។
ជនសង្ស័យ១នាក់៖ -ឈ្មោះ ហឿន ណារ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរកម្មករសំណង់ (ឃាត់ខ្លួន) ។ ជនសង្ស័យមានផ្ទុកសារធាតុញៀនក្នុងទឹកនោម (+) ។
វត្ថុតាងចាប់យក៖ -ចម្ពាមកៅស៊ូចំនួន០១(របស់ជនសង្ស័យ) ។
សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ នៅក្នុងការដ្ឋានសំណង់ មានកម្មករសំណង់ឈ្លោះប្រកែកគ្នា ជាមួយជនសង្ស័យ នៅពេលនោះជនរងគ្រោះ ក៏បានដើរទៅឈរមើល ក៏ស្រាប់តែជនសង្ស័យបានយកចម្ពាមកៅស៊ូបាញ់គ្រាប់ថ្ម បាញ់ទៅលើភាគីម្ខាងទៀត តែបែរជាត្រូវភ្នែកខាងស្តាំជនរងគ្រោះ បណ្តាយឲ្យបែកចេញឈាមហូរតែម្តង ។
ក្រោយកើតហេតុរួច សមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ បានចុះអត្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ មកសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលរបួស នៅមន្ទីរពេទ្យព្រះអង្គឌួង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការនគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួររួចកសាងសំណុំរឿង ចាត់ការតមនីតិវិធី ៕
មតិយោបល់