ភ្នំពេញៈ នាវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីជនជាតិចិនស្រវឹងស្រា បើករថយន្តបំពានភ្លើងស្ដុប ជ្រុលបុករថយន្តហ្វត ស៊េរីឆ្នាំ២០២៣ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិង២៧១ ម្ដុំស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកហ្វត់រ៉ែនជ័រស៊េរីឆ្នាំ២០២៣ ពណ៌ស ពាក់ស្លាកលេខ កម្ពុជា SVN.2023 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើង លុះដល់ចំណុចស្តុបកើតហេតុដែលជាភ្លើងអទិភាពរថយន្តនោះ ក៏បានបើកឆ្លងកាត់ស្តុបខណៈពេលនោះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA-6313 បើកបរដោយបុរសជាជនជាតិចិនម្នាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច និងក្នុងល្បឿនលឿនថែមទាំងបំពានភ្លើងសញ្ញាចរាចរណ៍ រួចក៏ជ្រុលទៅបុករថយន្តហ្វត់រ៉ែនជ័រចំពេញទំហឹង បណ្តាលឲ្យរថយន្តហ្វត់រ៉ែនជ័ររងខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯរថយន្តតាកូម៉ារងខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងស្ដាំ។
ក្រោយពេលកើតហេតុភាគីទាំងពីរ ក៏បានចរចាដោះស្រាយគ្នាដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ភាគីខាងរថយន្តតាកូម៉ាក៏ព្រមចេញសំណងចំនួន ៦,០០០ដុល្លារ ឲ្យទៅខាងរថយន្តហ្វត់រ៉ែនជ័រ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕







មតិយោបល់