ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទនិងប្រាក់នៅចំណុចផ្ទះជួល

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ និងប្រាក់ នៅចំណុចផ្ទះជួល ផ្លូវលេខ២០០R ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ វ៉ា ឧសភា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលជាន់ក្រោមជាកន្លែងកើតហេតុ មុខរបរលក់ដូរ ។
ជនសង្ស័យឈ្មោះ នាង ពួន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលជាន់ខាងលើ ក្បែរកន្លែងកើតហេតុ មុខរបរមិនពិតប្រាកដ ។

វត្ថុតាងដកហូតមាន៖ ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាករ៉េមីពណ៌ខៀវ, ប្រាក់ចំនួន ៩៣០ដុល្លារ និង២.០៥០.០០០រៀល, កាបូបស្ពាយចំនួន០១ (ជារបស់ជនរងគ្រោះ) ។

សូមបញ្ជាក់ថា៖ នៅថ្ងៃទីខែឆ្នាំខាងលើ មុនពេលកើតហេតុ មានកណីបាត់ទូរស័ព្ទដៃកើតមានឡើងនៅចំណុចផ្ទះជួល ស្ថិតនៅភូមិក្រោគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ ជនរងគ្រោះពុំបានដាក់ពាក្យបណ្តឹងឡើយ លុះដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង០៧និង១៥នាទី ជនរងគ្រោះបានទុកកាបូប្រាក់ក្នុងបន្ទប់ និងចូលងូតទឹកពុំបានបិទទ្វារបន្ទប់ខាងក្រៅ ជនសង្ស័យដើរចុះមកពីបន្ទប់ខាងលើ ឃើញក៏ធ្វើសកម្មភាពលួច ហើយយកទៅលាក់ទុកក្នុងបន្ទប់ខ្លួន និងដកចាយមួយចំនួន ដល់ម៉ោង១០និង៣០នាទី ថ្ងៃខែឆ្នាំដដែលជនរងគ្រោះដឹងបាត់កាបូប និងប្រាក់មានការសង្ស័យបានឡើងទៅបន្ទប់ជួលខាងលើ ស្រាប់តែឃើញទូរស័ព្ទដែលខ្លួនបាត់នៅ និងដៃជនសង្ស័យ ហើយបានសួរនាំ និងរកឃើញប្រាក់ដែលជនសង្ស័យ ធ្វើសកម្មភាពលួចយកមកលាក់ទុក ហើយជនរងគ្រោះបានប្តឹងរាយការណ៍មកសមត្ថកិច្ច ចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង ។

បច្ចុប្បន្នជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

ចំណែកប្រាក់ដែលដកហូតបានខាងលើ បានប្រគល់ជូនជនរងគ្រោះវិញ ៕

មតិយោបល់