ព័ត៌មានជាតិ

បុរស ៤នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុកខឿនសួនច្បារ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណ

ភ្នំពេញ: នាវេលាម៉ោង ២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរស ៤នាក់ សង្ស័យស្រវឹងស្រា បើករថយន្តបុកខឿនសួនច្បារខាងក្រោមស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសបួននាក់ស្រវឹង បើកបររថយន្តមួយគ្រឿងម៉ាក កាំមារីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-3464 ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិចនិងក្នុងល្បឿនយ៉ាងលឿន ដោយបំណងឆ្ពោះទៅផ្លូវ៥៩៨ លុះដល់ចំណុចកើតហេតុដែលជាផ្លូវកោងរថយន្តនោះ មិនបានប្រុងប្រយ័ត្នក៏បានជ្រុលទៅបុកខឿនសួនច្បារពេញទំហឹង បណ្តាលឲ្យបាក់បែកខូចខាតខឿនថ្មអស់ជាច្រើនដុំ ចំណែកឯរថយន្តបានរងការខូចខាតក្រពឹត និងបាក់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញក៏បានចុះធ្វើការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត៕

មតិយោបល់