កំពង់ស្ពឺៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទីយប់ នៅលើផ្លូវលេខជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦៣-៦៤ ត្រង់ចំណុចភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាក HYUNDAY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7796 សណ្ដោងស៊ីមីរឺម៉កពាក់ស្លាកលេខ ព្រះសីហនុ 4A-2949 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេចខ្លួន)។
មុនកើតហេតុរថយន្ដ បើកបរពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចខាងលើ បានបុកម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-6707 បើកបរដោយឈ្មោះ គិត បុល ភេទប្រុស អាយុ ២០ឆ្នាំ អ្នករួមដំណើរឈ្មោះ រ៉ាត់ ធារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច។
មូលហេតុគឺ ស្ថានភាពផ្លូវកំពុងតែជួសជុលនិងមានលក្ខណៈចង្អៀតរថយន្ដនិងម៉ូតូចូលគន្លងដូចគ្នា ម៉ូតូបើកបរបញ្រ្ចាសទិសគ្នា។
តាមការបញ្ជាក់ពីសមត្ថកិច្ចក្រោយហេតុការណ៍ខាងលើ អ្នកបើកបរម៉ូតូស្លាប់ទាំងពីររួមជាមួយអ្នករួមដំណើរ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីសាសនានៅផ្ទះរៀងៗខ្លួន រីឯអ្នកបើកបររថយន្ដសមត្ថកិច្ចកំពុងតែបន្ដនីតិវិធីស្រាវជ្រាវស្វែងរកអ្នកទទួលខុសត្រូវមកដោះស្រាយតាមនីតិវិធី។
ម៉ូតូនិងរថយន្ដ ជាវត្ថុតាងទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕



មតិយោបល់