ព័ត៌មានជាតិ

Update៖ ភ្លើងប្រច័ណ្ឌបណ្តាលឲ្យប្តីចាក់ប្រពន្ធជាច្រើនកាំបិតស្លាប់ភ្លាមៗ រួចចាក់ខ្លួនបណ្តាលឲ្យស្លាប់តាមក្រោយ បន្សល់កូន ២នាក់ឲ្យកំព្រា

ភ្នំពេញ: សង្ស័យតែភ្លើងប្រច័ណ្ឌទើប បណ្ដាលឲ្យបុរសជាប្ដីតាមចាក់សម្លាប់ប្រពន្ធជាច្រើនកាំបិត ស្លាប់ភ្លាមរួចចាក់ខ្លួនឯង រងរបួសធ្ងន់និងស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង០០នាទីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវបេតុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពប្រពន្ធមានឈ្មោះ ថេង សុភាង អាយុ ៣៦ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបុរសជាប្តីដែលស្លាប់ពេលបញ្ជូនទៅសង្រ្គោះនោះមានឈ្មោះ កន ផេង អាយុ ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ដោយបានរៀបការជាមួយគ្នាជាច្រើនឆ្នាំមកហើយ និងមានកូន២នាក់ ប្រុស១ ស្រី១ក្នុងបន្ទុកគ្រួសារទៀតផង។

សពទាំង២នាក់ប្តីប្រពន្ធខាងលើ មានស្រុកកំណើតភូមិ ព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករក្ខគិរី ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលឈានដល់ការចាក់សម្លាប់ស្ត្រីជាប្រពន្ធជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ភ្លាមៗនោះគឺសង្ស័យមកពីភ្លើងប្រចណ្ឌ។

ប្រភពដដែលបានបន្តទៀតថា រយ:ពេលប៉ុន្មានខែចុងក្រោយនេះគ្រួសារខាងលើ តែងតែមានភាពមិនចុះសម្រុងគ្នារហូតមកដល់ល្ងាចថ្ងៃទី៥ ខែវិច្ឆិកា នេះមិនដឹងថាប្ដីគិតយ៉ាងណា ទើបឈានដល់យកកូនកាំបិតចាក់ជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ភ្លាមៗ និងចាក់ខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់និងស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុភ្លាមៗកម្លាំងអាវុធហត្ថដូចជា អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន នៃខណ្ឌពោធិ៍សែនជ័យ និងសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងកន្លែងកើតហេតុ និងពិនិត្យកុសលវិច័យរួចយកសពទាំង២នាក់ ទៅតំកល់ទុកនៅវត្តអារុណវត្តី ដើម្បីរង់ចាំបងប្អូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់