ព័ត៌មានជាតិ

សំបកកេសចំនួន១០១ដុំ ដែលបង្ក្រាបបានពីទីតាំងបិទសញ្ញាក្លែងក្លាយប្រេងម៉ាស៊ីនម៉ាក Shell Advance ត្រូវសមត្ថកិច្ចដុតកម្ទេចចោល

បន្ទាយមានជ័យៈ យោងតាមផេកវិទ្យុជាតិ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សំបកកេសចំនួន១០១ដុំ ដែលបង្ក្រាបរឹបអូសបានពីទីតាំងបិតសញ្ញាក្លែងក្លាយប្រេង Shell Advance ត្រូវបានយកដុតកម្ទេចចោលដោយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០១៩ នៅទីលានចាក់សំរាមក្រុងសិរីសោភ័ណ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានយកសំបកកេសប្រេង Shell Advance ចំនួន១០១ដុំ​ ដែលរឹបអូសបានពីការបង្ក្រាបទីតាំងបិទស្លាកសញ្ញាក្លែងក្លាយប្រេងម៉ាស៊ីនម៉ាកShell Advanceត្រូវបានយកទៅដុតកម្ទេចចោល។

លោកបានបញ្ជាក់ថា៖ សំបកកេសប្រេង Shell Advance ចំនួន១០១ដុំនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត​ ចុះប្រតិបត្តិការបង្ក្រាបទីបិទស្លាកសញ្ញាក្លែងក្លាយប្រេងម៉ាស៊ីនម៉ាក Shell Advance កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតភូមិខ្លាកូនថ្មី​ សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ បានបញ្ជាក់ថា៖ ក្រោយពេលចុះប្រតិបត្តិការបង្ក្រាបរឹបអូសដកហូតបានសំបកកេសបិទស្លាកសញ្ញាក្លែងក្លាយប្រេងម៉ាស៊ីនម៉ាក Shell Advance ចំនួន១០១ដុំ​ បានយកមករក្សាទុកឃ្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយត្រូវបានកម្លាំងជំនាញយកទៅដុតកម្ទេចចោលនៅទីលានចាក់សំរាមក្រុងសិរីសោភ័ណ៕

មតិយោបល់