កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អោយកម្លាំងជំនាញស្រាវជ្រាវជាប់ខ្លួនឃាតកកាប់ជនរងគ្រោះឲ្យស្លាប់នឹងកន្លែង កាលពីនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០និង៤០នាទី នៅចំណុចជំនាប់ឫស្សី (ដីក្រុមហ៊ុនចំការអំពៅ) ភូមិត្រពាំងធ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីឃាតកម្មកាប់សម្លាប់មួយបានកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ដោយជនរងគ្រោះឈ្មោះ សឿន ប៊ុនធី ហៅ ដប់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិក្នុងអាយ ឃុំតាសាល ស្រុកឱរ៉ាល់ ស្លាកស្នាម ៖ របួសក្បាល ខាងលើ១និងសៀតផ្កាខាងឆ្វេង១ ។
មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ចេញពីផ្ទះមកមើលគោ នៅចំណុចខាងលើ ។ លុះដល់ម៉ោងប្រហែល១៩និង៣០នាទី ឈ្មោះ គីម គុណ (ត្រូវជាបងថ្លៃ) ទូរស័ព្ទរកប្អូន ចូលតែអត់លើក រួចហៅ ឈ្មោះ កង ស៊ីនៀន ជិះម៉ូតូមកមើលនៅកន្លែងឃ្វាលគោខាងលើ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្បាលទៅទិសខាងលិច ។
នៅកន្លែងកើតហេតុមានបន្សល់៖ ម៉ូតូ១គ្រឿង ម៉ាកវ៉េវ, ទូរស័ព្ទម៉ាក Oppo ពណ៌ក្រហមស្រោមពណ៌ខៀវ និងស្បែកជើងផ្ទាត់សលាយខ្មៅ១គូររបស់ជនរងគ្រោះ។
លុះមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ កម្លាំងនគរបាលស្រុកសំរោងទង និងកម្លាំងនគរបាលភ្នំស្រួច ឃាត់ខ្លួនជនសង្ស័យឈ្មោះ យឿន កំសត់ ហៅ ខ្មៅ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនសង្ស័យបានសារភាពថា ខ្លូនពិតជាបានប្រើពូថៅកាប់ជនរងគ្រោះ ពេលកំពុងអង្គុយលើម៉ូតូលេងទូរស័ព្ទមិនដឹងខ្លួន ដោយមូលហេតុ ខឹងជនរងគ្រោះជេរប្រមាថតាមផ្លូវ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់បញ្ជូនតាមនីតិវិធី៕
មតិយោបល់