ព័ត៌មានជាតិ

រថយន្តPrius មួយគ្រឿង បុករះបង្គោលភ្លើងនិងផ្ទះលក់គ្រឿងសំណង់ រួចជ្រុលធ្លាក់ប្រឡាយទឹក បណ្តាលឲ្យតៃកុងរងរបួសធ្ងន់

កណ្ដាល: នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាក Prius មួយគ្រឿង សង្ស័យបើកលឿនរេចង្កូតបុករះ បង្គោលភ្លើង និងផ្លាកយីហោផ្ទះលក់គ្រឿងសំណង់ រួចជ្រុលធ្លាក់ចូលប្រឡាយទឹក បណ្តាលឲ្យម្ចាស់រងរបួស ត្រូវដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវលេខ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Prius មួយគ្រឿង ពាក់ស្លាកលេខកណ្តាល 2F-6676 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១ ក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតបុករះបង្គោលភ្លើង ផ្លាកយីហោផ្ទះលក់គ្រឿងសំណង់ បណ្តាលឲ្យបាក់ខ្ទេចខ្ទីរងការខូចខាត ។ ចំណែករថយន្តបង្កហេតុ នោះបានជ្រុលធ្លាក់ចូលទៅក្នុងទឹកប្រឡាយ រីឯម្ចាស់រថយន្តនោះ បានប្រឹងប្រវេប្រវាវារចេញពីក្នុងរថយន្តទាំងត្រដាបត្រដួស និងរងរបួ ស ត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ក្នុងហេតុការណ៍ករណីខាងលើនោះ សមត្ថកិច្ចមិនទាន់មានវត្តមានចុះមកអន្តរាគមន៍ភ្លាមៗនោះទេ ។ លុះព្រឹកឡើងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ទើបកម្លាំងសមត្ថកិច្ចមកពិនិត្យមើលផលប៉ះពាល់ ទាំងទ្រព្យសម្បត្តិសាធារណរបស់រដ្ឋ និងទ្រព្យសម្បត្តិរបស់ឯកជន ។ បន្ទាប់មកបានធ្វើការស្ទូចយករថយន្តបង្កហេតុនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនាពេលពេល ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់