បាត់ដំបងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ៥រោចខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី នៅចំណុចក្រុម២០ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពើលួច (លួចយកម៉ូតូ) មួយកើតឡើងដែលករណីនេះ បង្កដោយជនសង្ស័យមិនស្គាល់ អត្តសញ្ញាណបានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ សៃ ស្រីពៅ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅក្រុម០១ ភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលម៉ូតូម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ លេខតួ/លេខម៉ាស៊ីន ND១២៥ ME-៦៣៨៣៩១៣ ពុំមានស្លាកលេខ ជិះយកទៅបាត់ ។
បន្ទាប់ពីពេលកើតហេតុជនរងគ្រោះ បានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកសង្កែ ហើយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែបានដឹកនាំកម្លាំងសហការ ជាមួយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុង បានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ ជា សុវណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង នៅចំណុចក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយនាំមកធ្វើការសាកសួរស្រាវជ្រាវ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះជា សុវណ្ណា បានឆ្លើយសារភាពថា រូបគាត់ពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះ ដូចមានភិនភាគខាងលើពិតប្រាកដមែន ហើយសមត្ថកិច្ចបានដកហូតម៉ូតូចំនួន០១គ្រឿងនេះមកវិញ ។
ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនអនុវត្តតាមនីតិវិធីច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ ៕


មតិយោបល់