ព័ត៌មានជាតិ

រថយន្តLexus RX400h ពណ៌ស មួយគ្រឿង បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង០១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Lexus RX400h ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BO-5380 បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។​

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Lexus RX400h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BO-5380 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងល្បឿនលឿន បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកបរមកដល់ ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះរេចង្កូតជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងរថយន្ត ។

បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងមន្រ្តីប៉ូលិសចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ដើម្បីធ្វើការត្រួតពិនិត្យ ។ ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ពុំឃើញមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានប្រគល់ទៅឲ្យខាងផ្នែកចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់