ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកត្រាក់ទ័រសណ្តោងរ៉ឺម៉ក បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០ និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្តោយផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ស្ថិតនៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយបុរសម្នាក់ជិះម៉ូតូបុកត្រាក់ទ័រសណ្តោងរ៉ឺម៉កចតនៅលើដងផ្លូវ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា៖ មុនពេលកើតហេតុ មានត្រាក់ទ័រសណ្ដោងរ៉ឺម៉កម៉ាកគូបូតា ពណ៌ក្រហម ផលិតឆ្នាំ២០១៥ ចតនៅលើដងផ្លូវ ដោយមិនប្រកាន់ទិសអទិភាព មួយសន្ទុះក្រោយមកស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត 1E-5775 ស៊េរីឆ្នាំ២០១១ បានបើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុខាងលើបានបុកត្រាក់ទ័រចំពីមុខ បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ ។

លោកវរសេនីយ៍ទោ ម៉ែន សុឃី អធិការរង នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានបញ្ជាក់ឲ្យដឹងថា៖ អ្នកបើកបរម៉ូតូមានឈ្មោះ ឈួន ម៉ាន់នី ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមណ្ឌលសុខភាពតាលោ ។ រីឯម្ចាស់ត្រាក់ទ័រមានឈ្មោះ ឈុន រ៉ាឆេន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ លោកអធិការរង បានបន្តថាមូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះឡើង បង្កមកពីកត្តាត្រាក់ទ័រចតនៅលើដងផ្លូវមិនប្រកាន់ស្តាំ បើកបរខ្វះការប្រុងប្រយ័ត្ន ចំពោះវត្ថុតាងម៉ូតូ និងត្រាក់ទ័រសណ្ដោងរ៉ឺម៉ក សមត្ថកិច្ចបានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ៕

មតិយោបល់