ព័ត៌មានជាតិ

រថយន្តដឹកអង្កបើកបុកពីក្រោយឡានដឹកឥដ្ឋ រេចង្កូតឡើងសួនបុកបង្គោលភ្លើងបាក់១ដើម រួចក្រឡាប់ផ្ងារជើងទាំងព្រលឹម

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល រថយន្តធុនធំដឹកអង្កមួយគ្រឿង បើកទៅបុកពីក្រោយរថយន្តដឹកឥដ្ឋ ដែលឈប់ចតនៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត ហើយរេចង្កូតបន្តឡើងសួនទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ទ្រេតមួយដើម ហើយក្រឡាប់ផីងផ្ងារជើង ក្រពប់អង្កពេញផ្លូវ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទីតាំងស្ថិតតាមមហាវិថី ឈ្នះ ឈ្នះ ភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងដា មុនកើតហេតុគេបានឃើញ រថយន្តដឹកអង្ក ប្រភេទយីឌុប ដឹកអង្កពេញទ្រុង បើកពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ បានជ្រុលបុកពីក្រោយ រថយន្តដឹកឥដ្ឋដែលកំពុងឈប់ចតលើចិញ្ចើមផ្លូវពីក្រោយ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0493 បណ្តាលឲ្យរងខូចខាតទ្រុងផ្នែកខាងក្រោយ រួចរថយន្តដឹកអង្កបាន រេចង្កូតឡើងសួនទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងរលើងបាក់មួយដើម រួចរះលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងចាក់អង្កពេញផ្លូវ និងបណ្តាលឲ្យមានមនុស្សរងរបួសម្នាក់ ។

ក្រោយកើតហេតុ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានចុះទៅសម្រួលចរាចរណ៍ ហើយឲ្យភាគីខាងរថយន្តដឹកអង្ក ធ្វើការសម្របសម្រួល ដោយចេញសងថ្លៃខូចខាត ដើម្បីបញ្ចប់រឿងជាមួយរថយន្តដឹកឥដ្ឋ តែនៅប៉ះពាល់ជាមួយបង្គោលភ្លើង ទើបសមត្ថកិច្ចឲ្យម្ចាស់ ហៅកម្មករមកលើក កើប អង្កដាក់រថយន្តផ្សេង រួចស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់