ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រាស្រវឹងជោគជាំ ពេលដើរត្រលប់ទៅផ្ទះវិញ បានធ្លាក់ប្រឡាយក្នុងភូមិបណ្ដាលឲ្យលង់ទឹកស្លាប់

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៧និង៣៥នាទី ត្រង់ចំណុចប្រឡាយក្នុងភូមិ ស្ថិតនៅក្រុមទី០៧ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលង់ទឹកស្លាប់ចំនួន ០១នាក់ ជនរងគ្រោះឈ្មោះ នួន រិទ្ធី ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុជន រងគ្រោះបានផឹកស្រាស្រវឹងជោគជាំពេលដើរត្រលប់ទៅផ្ទះវិញ បានធ្លាក់ប្រឡាយក្នុងភូមិបណ្ដាលឲ្យលង់ទឹកស្លាប់តែម្តង។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុក សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ នួន រិទ្ធី ពិតជាលង់ទឹកប្រឡាយស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់