បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១២និង៤០នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅចំណុច ក្រុមទី៦ ភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ទុំ ចាន់ថុល ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ហើយផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់នេះ មានទំហំ ៥ម៉ែត្រគុណនិង៧ម៉ែត្រ ជាប្រភេទផ្ទះធ្វើពីឈើខ្ពស់ផុតដី ប្រក់សង្ក័សី បាំងជញ្ជាំងឈើ សម្ភារៈខូចខាតមួយចំនួនដូចជា៖ ខូចខាតផ្ទះផ្នែកខាងលើទាំងស្រុង, ម៉ាស៊ីនកាត់ស្មៅចំនួន ២គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំចំនួន ១គ្រឿង, ឆ្នាំងចានមួយចំនួន, ធុងចំរុះទឹកស្អាតចំនួន ១, គ្រែដេកចំនួន១, និងសម្លៀកបំពាក់របស់របរប្រើប្រាស់មួយចំនួន ។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ចំពោះមូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី បណ្តាលឆាបឆេះខ្សែភ្លើងនៅក្នុងផ្ទះ ។
ករណីនេះ កម្លាំងនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ នៃអធិការស្រុកចំនួន០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបានទាំងស្រុង ៕
មតិយោបល់