ព័ត៌មានជាតិ

រថយន្តកុងតឺន័របុកម៉ូតូPassApp រេចង្កូតជ្រុលទៅបុកបង្គោលភ្លើង និងរបងផ្ទះពលរដ្ឋ បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកុងតឺន័រ មួយគ្រឿង បើកបរបុកម៉ូតូ Pass App មួយគ្រឿង ហើយរេចង្កូចបុកបង្គោលភ្លើងបាក់ និងរបងផ្ទះពលរដ្ឋ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ក្នុងហេតុការណ៍នេះ មានមនុស្សរងរបួសម្នាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿង បើកបរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូPassAppមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2HW-2928 បណ្តាលឲ្យម្ចាស់PassAppរងរបួសធ្ងន់ម្នាក់ ត្រូវដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ ហើយ​រថយន្តបង្កហេតុនេះបានរេចង្កូតជ្រុលទៅបង្គោលភ្លើង និងរបងផ្ទះបងប្អូនប្រជាពលរដ្ឋបាក់រងការខូចខាត ។ ចំណែកតៃកុងរថយន្តកុង តឺន័រនោះវិញ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងមន្រ្តីសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ភ្លាមៗ ដល់ទីតាំងកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យមើលទិដ្ឋភាពជាក់ស្តែង ផលប៉ះពាលទាំងដែលរងការខូចខាតនោះ ។

ចំពោះការខូចខាតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មាន​ម៉ូតូPassApp មួយគ្រឿង មានសភាពខ្ទេចតែម្តង ម្ចាស់រងរបួសធ្ងន់ ។ រីឯបង្គោលភ្លើងបានបាក់១ដើមនិងដាច់ចរន្តអគ្គិសនី ហើយរបងផ្ទះបងប្អូនប្រជាពលរដ្ឋក៏បានរងការខូចខាត ។ ដោយឡែករថយន្តបង្កហេតុ បានក្រឡាប់ផ្ងារជើងខូចខាតយ៉ាងដំណំផងដែរ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា មន្រ្តីសមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់