ព័ត៌មានជាតិ

ករណីរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់និងរងរបួសធ្ងន់

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ វេលាម៉ោង៥និង៣០នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានតូច ស្ថិតក្នុងភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 3A-8999 សឺមីរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 4A-8687 បើកបរដោយឈ្មោះ វ៉ាន់ វិចិត្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ហេង រ៉ាវុធ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ធ្វើដំណើរពីទិសខាងកើត ទៅទិសខាងលិច លុះពេលបើកបរដល់ចំណុចខាងលើ ក៏បានបុកជាមួយរថយន្ត មួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-1285 សឺមីរ៉ឺម៉ក ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ ភ្នំពេញ 4A-9662 បើកបរដោយឈ្មោះ ឃុន មករា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រះរុន ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឱ្យស្លាប់មនុស្សម្នាក់ (ឈ្មោះ វ៉ាន់ វិចិត្រ) នៅកន្លែងកើតហេតុ របួសធ្ងន់មនុស្សម្នាក់ (អ្នករួមដំណើរលើរថយន្តឈ្មោះ ហេង រ៉ាវុធ) ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងចាប់យករថយន្តទាំងពីរគ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ ។

ហើយបានប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី អ្នករបួសធ្ងន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕

មតិយោបល់