កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១០រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០២និង៥០នាទី នៅចំណុចភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនរងគ្រោះ០១នាក់ឈ្មោះ មិន ឌីណា ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញលក់អេតចាយ មានទីលំនៅសព្វថ្ងៃ ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ ជនសង្ស័យចំនួន០៤នាក់ (ឃាត់ខ្លួន) ១.ឈ្មោះ ណុល វណ្ណេត ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្នល់ជ្រុំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ២.ឈ្មោះ បូផល ពុទ្ធិចេស្តា ហៅត្រឡាច ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ៣.ឈ្មោះ ង៉ែត សុខន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដក មានទីលំនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ៤.ឈ្មោះ ដោក ចន្ថា ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃទង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ១.ម៉ូតូសន្តោងរ៉ឺម៉កចំនួន០១គ្រឿង ។ ២.ដែករុន្ទាចំនួន១០ ។ ៣.ដែកកំប៉ុងអេតចាយក្រីបរួចចំនួន០៥ដុំ ។
សភាពនៃរឿងហេតុ៖ ក្រុមជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងធ្វើសកម្មភាពលួចសកម្ម ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី ក្រុមជនសង្ស័យបានធ្វើដំណើរចេញពីផ្ទះនៅស្ទឹងមានជ័យ មធ្យោបាយម៉ូតូរ៉ឺម៉ក់ចំនួន០១គ្រឿង គោលបំណង់ដើរធ្វើសកម្មភាពលួច ។ ពេលធ្វើដំណើរមកដល់ខណ្ឌជ្រោយចង្វា ក្រុមជនសង្ស័យបានលួចយកដែក រុន្ទាដែលគេទុកនៅមុខផ្ទះបានចំនួន១០ រួចក៏បន្តដំណើរ តាមផ្លូវជាតិលេខ៦ រហូតមកដល់ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល នៅវេលាម៉ោង២និង៥០នាទី ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏ឃើញដែកកំប៉ុងអេតចាយក្រីបរួច របស់ជនរងគ្រោះទុកគរនៅមុខផ្ទះ ពេលនោះក្រុមជនសង្ស័យ បានឈប់រ៉ឺម៉កធ្វើសកម្មភាព ចុះយកខ្សែទៅចងទ្វារផ្ទះជនរងគ្រោះពីក្រៅ ហើយក្រុមជនសង្ស័យ ក៏នាំគ្នាលើកដែកកំប៉ុងអេតចាយគ្រីបរួច របស់ជនរងគ្រោះដាក់លើរ៉ឺម៉ក់បានចំនួន១០ដុំ ក្នុងពេលនោះ ជនរងគ្រោះបានមើលកាម៉ារ៉ាសុវត្ថិភាព ឃើញក្រុមជនសង្ស័យកំពុងលើកដែកកំពុងអេតចាយ ក៏ចេញពីក្នុងផ្ទះមកទាញទ្វារ របងបើកតែបើកអត់រួច ហើយជនរងគ្រោះបានទូរស័ព្ទរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង ក្នុងពេលនោះក្រុមជនសង្ស័យ ដឹងខ្លួនកក៏បាននាំគ្នាបើករ៉ឺម៉ករត់គេចត្រឡប់សំដៅមកភ្នំពេញវិញ ពេលនោះជនរងគ្រោះ និងកម្មកររបស់ខ្លួនឈ្មោះ សុខ ភារ៉ា បានកាត់ខ្សែ ដែលជនសង្ស័យចងទ្វាររបងរបស់ខ្លួន បន្ទាប់មក ជនរងគ្រោះបានជិះម៉ូតូឌុបកម្មកររបស់ខ្លួនឈ្មោះ សុខ ភារ៉ាដេញតាមក្រុមជនសង្ស័យ រហូតដល់ចំណុចឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ក្រុមជនសង្ស័យបានបើករ៉ឺម៉កគេចលាក់ខ្លួន ។
ក្រោយពីបាត់ដានរ៉ឺម៉កក្រុមជនសង្ស័យ ហើយសមត្ថកិច្ចបានទំនាក់ទំនងជាមួយសមត្ថកិច្ចស្រុកពារាំង រហូតដល់វេលាម៉ោង០៥និង០០នាទី ទើបសមត្ថកិច្ចស្រុកពារាំង ឃាត់ក្រុមជនសង្ស័យ និងវត្ថុតាងបាន បន្ទាប់មកសមត្ថកិច្ចស្រុកពារាំង ក៏បានប្រគល់ក្រុមជនសង្ស័យ និងវត្ថុតាងមកឱ្យសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីយកមកធ្វើការសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ដើរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នឹងបានលួចដែកកំពុងអេតចាយ ដែលគ្រីបរួចរបស់ជនរងគ្រោះពិតប្រាកដមែន ។ ចំពោះជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់