ព័ត៌មានជាតិ

មនុស្ស​ចំនួន​៣​នាក់​បាន​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ ក្នុងករណី​រថយន្ត​និង​ម៉ូតូបុកគ្នា​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦

​កំពង់ធំ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៣​នាក់​បាន​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ និង​ម៉ូតូ​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៤-១៥៥​ ស្ថិត​ក្នុងភូមិ​ពោធិ៍​ខាវ​ ឃុំ​ត្បូង​ក្រពើ​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ នា​វេលា​ម៉ោង​១៩​និង​៣០​នាទី​ ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹ​ថា​ ភាគី​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ នី​ ជី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ និង​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់​ទៀត​ រួម​មាន​ ៖​ ១-​ឈ្មោះ​ នី​ ចាន់​ថន​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ ទី​២-​ឈ្មោះ​និ​ន​ ណា​រ៉ុ​ង​ ភេទ​ប្រុស​ អាយុ​៥​ឆ្នាំ​ (​អ្នក​ទាំង​៣​ស្លាប់​នៅ​កន្លែង​)​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ ឈ្មោះ​ រ៉ុ​ន​ ស្មី​ ភេទ​ប្រុស​ អាយុ​៧​ខែ​ ជន​រង​គ្រោះ​មាន​ទីលំនៅ​ភូមិ​ថ្មី​ ឃុំ​ទីពោ​ ស្រុក​ស​ន្ទុ​ក​ ។​

​ចំណែក​ភាគី​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ GS 300​ ពណ៌​ស​ ពាក់​លេខ​ កម្ពុជា​ UNTH​ 9617​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ បើកបរ​ដោយ​ឈ្មោះ​ រ័​ត្ន​ ស្រី​នាង​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ទាល់​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​ ក្រោយ​កើតហេតុ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក ​ដើម្បី​សាកសួរ​បំពេញ​នីតិវិធី​។​

​សមត្ថកិច្ច​បញ្ជាក់ថា​ មូលហេតុ​ជាបឋម​នៃ​គ្រោះថ្នាក់​ខាងលើ​ បង្ក​ទ្បើ​ង​ដោយ​អ្នកបើកបរ​ម៉ូតូ​ ឆ្លងកាត់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ខណ:​ភាគី​រថយន្ត​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ ។​

​ករណី​នេះ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍ ​បាន​នាំ​យក​មធ្យោបាយ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ៕

មតិយោបល់