ភ្នំពេញៈ នាវេលាម៉ោង០១និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូជ្រុលទៅបុករថយន្តត្រង់ផ្លូវបែកជាបួន បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះសីហនុ ចំណុចស្តុបវត្តមហាមន្រ្តី សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Toyota ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-4335 ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុផ្លូវបែកជាបួន មានម៉ូតូមួយគ្រឿងម៉ាក កាហ្វេ ពណ៌ខ្មៅ ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ត្រង់ចំណុចកើតហេតុ ជ្រុលទៅបុករថយន្តកំពុងបើកឆ្លងស្តុប យ៉ាងពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ ។ ភ្លាមៗនោះរថយន្តមន្ទីរពេទ្យឯកជនមួយកន្លែង មកដឹកជនរងគ្រោះទៅសង្រ្គោះ ប៉ុន្តែ ដោយជនរងគ្រោះរបួសធ្ងន់ធ្ងរពេក បានដាច់ខ្យល់ស្លាប់នៅឯមន្ទីរពេទ្យ ។ រថយន្តក៏ដឹកសាកសពមកកន្លែងកើតហេតុវិញ ។
បន្ទាប់សមត្ថកិច្ចបានចុះមកដល់ទាក់ទងទៅផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកពិនិត្យនិងវាស់វែង ធ្វើកំណត់ហេតុយកម៉ូតូនិងរថយន្ត ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅនាពេលក្រោយ ។ សពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថាៈ សពជនរងគ្រោះឈ្មោះ យូ យុទ្ធី អាយុ២៧ឆ្នាំ មុខរបរជាមេការនៅក្នុងភោជនីយដ្ឋានមួយកន្លែង រស់នៅភូមិព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕
មតិយោបល់