ព័ត៌មានជាតិ

ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ លោតទឹកលើស្ពានជ្រោយចង្វា បណ្តាលឲ្យស្លាប់អណ្តែតសពនៅស្ពានច្បារអំពៅ

ភ្នំពេញៈ នាវេលាម៉ោង០៩និង៣៣នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញសាកសព ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ អណ្តែតទឹកទន្លេនៅត្រង់ម្ដុំស្ពានច្បារអំពៅ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ២០២២ មានករណីក្មេងស្រីម្នាក់ មានជំងឺប្រចាំកាយបានជិះម៉ូតូPassAppមួយគ្រឿង ធ្វើដំណើរចេញពីកន្លែងដែលខ្លួនស្នាក់នៅត្រង់ម្តុំផ្សារដីហុយ ដោយជិះសំដៅទៅស្ពានជ្រោយចង្វា ។ លុះពេលមកដល់ ក៏បានធ្វើសកម្មភាព លោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា កាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បណ្តាលឲ្យលិចបាត់រកមិនឃើញ ក៏បង្កការភ្ញាក់ផ្អើលកើតឡើង ។

រហូតមកដល់ថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ សាកសពក្មេងស្រីខាងលើនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញអណ្តែត ទឹកទន្លេនៅត្រង់ម្តុំស្ពានច្បារអំពៅ នាវេលាម៉ោង០៩និង៣៣នាទីព្រឹក ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានស្រង់សាកសពក្មេងស្រីរង គ្រោះមកដាក់លើគោក ដើម្បីធ្វើកោសល្យវិច្ច័យ ។

ករណីខាងលើនោះ ក៏បានដឹងដល់ក្រុមគ្រួសារសាច់ញាតិក្មេងស្រីរងគ្រោះ ហើយពួកគាត់ក៏បានធ្វើដំណើរមកដល់ត្រង់ចំណុចកើត ហេតុដើម្បីពិនិត្យមើលឲ្យឃើញជាក់ស្តែង និងទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់