ព័ត៌មានជាតិ

រថយន្តម៉ាស្តារមួយគ្រឿង បុកខឿនស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យបែករងការខូចខាត ចំណែកតៃកុងឡើងជិះ PassApp គេចខ្លួន

ភ្នំពេញ: នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាកម៉ាស្តារ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Y-8969 រេចង្កូតជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរងការខូចខាត បន្ទាប់ពីកើតហេតុម្ចាស់ឡើងម៉ូតូ Pass App គេចខ្លួនទៅបាត់ស្រមោល ស្ថិតតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកម៉ាស្តារ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Y-8969 បើកបរដោយបុរស ម្នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ហេតុនេះ បានរេចង្កូតជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យពេញទំហឹង បណ្តាលឲ្យរងការខូចខាត ។​ ចំណែករថយន្តនោះវិញ បានរងការខូចខាតយ៉ាងដំណំផងដែរ ។ រីឯតៃកុងរថយន្តបន្ទាប់ពីកើតហេតុភ្លាមៗ បានឡើងជិះម៉ូតូPassApp ដើម្បីគេចខ្លួនចេញពី កន្លែងកើតហេតុបាត់ស្រមោលតែម្តង ។ ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ពុំមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

នៅក្រោយពេលកើតហេតុ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ឃើញវត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែក ខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកដើម្បីអន្តរាគមន៍នោះទេ ។

ក្រុមការងារយើងខ្ញុំមិនទាន់ដឹងច្បាស់ថា សមត្ថកិច្ចជំនាញមានចំណាត់ការយ៉ាងណានោះទេ ចំពោះករណីខាងលើនោះ ទាំងនេះគ្រាន់ សតែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់