ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា បុរសញៀនស្រាបាត់បង់សតិម្នាក់ លង់ទឹកស្រះស្លាប់ទាំងអាក្រាតកាយ ហេតុការណ៍នេះកើតឡើង នៅចំណុចស្រះទឹក របស់ម្ចាស់ឈ្មោះ សឿន សូយ ស្ថិតក្នុងភូមិបឹងឈូក ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ត្រី ប្រាក់ យូស័រ នាយផ្នែករដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា នៅវេលាម៉ោង០៦និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកនាយប៉ុស្តិ៍រដ្ឋបាលខ្នារទទឹង បានទទួលព័ត៌មានពីឈ្មោះ សឿន សូយភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិ.ឃុំខាងលើ ថាមានមនុស្សលង់ទឹកស្លាប់ ក្នុងស្រះទឹករបស់គាត់ ។ ភ្លាមៗនោះលោកវរសេនីយ៍ទោជា អារុណ អធិការរងស្រុកបាកាន និងលោកវរសេនីយ៍ត្រី ឡុង វីលី នាយរងការិយាល័យបច្ចេកទេស កោសល្យវិច្ឆ័យ បានដឹកនាំកម្លាំងជំនាញស្រុក និងប៉ុស្តិ៍សហការជាមួយ គ្រូពេទ្យជំនាញវេជ្ជបណ្ឌិត ស៊ាង សាវឿន ចុះធ្វើការស្រាវជ្រាវនិងពិនិត្យសាកសព ។
លោកនាយផ្នែកបានបន្តថាសពឈ្មោះ អំ សំអូន អាយុ ៣៦ឆ្នាំ ភេទប្រុស មានទីលំនៅក្នុងភូមិ.ឃុំកើតហេតុខាងលើ បានស្លាប់ក្នុងស្រះទឹករបស់ឈ្មោះ សឿន សូយ ដែលមានទំហំ១០ម៉ែត្រ គុណនឹង០៥ម៉ែត្រ មានជម្រៅ៣ម៉ែត្រ យោងតាមការពិនិត្យសពគ្មានសំលៀកបំពាក់ក្នុងស្ថានភាពហើមរលួយរបកស្បែកហើយគ្មានស្លាកស្នាមអ្វីឡើយ ។
តាមការបំភ្លឺពីឈ្មោះ អំ អ៊ីម ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវជាបងបង្កើតរបស់សពបញ្ជាក់ថាសពជាមនុស្សញៀនស្រាបាត់បង់សតិប្រើប្រាស់ថ្នាំសរសៃប្រាសាទជាប្រចាំ ហើយជនរងគ្រោះបានបាត់ពីផ្ទះនៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកនាយផ្នែកបានបញ្ជាក់បន្ថែមទៀតថា យោងតាមការពិនិត្យរបស់គ្រូពេទ្យជំនាញ និងតាមការបំភ្លឺពីក្រុមគ្រួសារសព សមត្ថកិច្ចនិងគ្រូពេទ្យជំនាញបានសន្និដ្ឋានថា ឈ្មោះ អំ សំអូន ពិតជាបានលង់ទឹកស្លាប់ប្រាកដមែន បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់