ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានអះអាងថា ដោយមើលឃើញពីការលួចនាំចូលនូវសាច់សត្វខុសច្បាប់តាមច្រករបៀងមួយចំនួន មិនបានត្រួតពិនិត្យ គុណភាពត្រឹមត្រូវ និងមានក្រុមឈ្មួយញនាំចូលសាច់សត្វមួយចំនួនទៀតបានលួចដាក់សារធាតុគីមីដើម្បីរក្សាគុណភាព ដែលវាបានធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានកុំម៉ង់ទិញម៉ាស៊ីនត្រួតពិត្យគុណភាពពីបរទេស ដែលនឹងមកដល់កម្ពុជានៅក្នុងអំឡុងខែតុលា ឆ្នាំ២០១៦ខាងមុខនេះ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយបញ្ចប់ពិធីផ្សព្វផ្សាយច្បាប់ ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី០១សីហាកន្លងទៅនេះថា ដោយមានការចរាចរសាច់សត្វខូចគុណភាព ឬ សាច់មានដាក់សារធាតុគីមីនៅក្នុងប្រទេសកម្ពុជា និងបង្កើនប្រសិទ្ធភាពគ្រប់គ្រងគុណភាពម្ហូបអាហារ ពិសេសគុណភាពសាច់សត្វដែលនាំចូលពីបរទេស ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានស្នើសុំថវិកាជាតិ ដើម្បីធ្វើការរៀបចំមន្ទីរពិសោធន៍នៅតាមច្រកចូលសំខាន់ៗដែលនាំសត្វ និងសាច់សត្វចូល ដោយធ្វើការពិនិត្យគុណភាពឱ្យបានហ្មត់ចត់នូវរាល់ការនាំចូលសាច់សត្វពីបរទេស។
លោករដ្ឋមន្រ្តីបញ្ជាក់ថា ជាពិសេសត្រូវពិនិត្យទៅលើការនាំចូលប្រហិតត្រី និងប្រហិតសាច់គ្រប់ប្រភេទ ជាធម្មតាការផលិតនិងការរក្សាទុកប្រហិត និងសាច់សត្វទាំងនោះគឺនៅក្នុងសីតុណ្ហភាពមួយត្រជាក់ខ្លាំងកុំឱ្យស្អុយនិងខូចគុណភាព ប៉ុន្តែមានក្រុមឈ្មួញខិលខូចមួយចំនួន ខ្លាចចំណាយដើមទុនច្រើនក្នុងការរក្សាទុកនេះ ពួកគេបានបណ្តក់ថ្នាំ (សារធាតុគីមី)២-៣ដំណក់ ដើម្បីថែរក្សានូវគុណភាពសាច់នេះ ដែលវាធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈនិងប្រជាជនក្នុងពេលកន្លងទៅ។
លោករដ្ឋមន្រ្តីបញ្ជាក់ទៀតថា «តទៅនេះនាយកដ្ឋានបសុព្យាបាលនៃក្រសួងកសិកម្ម ដោយមានការគាំទ្រយ៉ាងទូលំទូលាយពីសហគមន៍អឺរ៉ុប ដែលគេមានការព្រួយបារម្មជាមួយយើង ហើយម៉ាស៊ីននេះនឹងមកដល់ប្រទេសកម្ពុជានៅក្នុងអំឡុងខែ១០ឆ្នាំ២០១៦នេះ ដើម្បីធ្វើការត្រួតពិនិត្យនូវគុណភាពសាច់សត្វនាំចូលនិងខូចគុណភាពនាំចូលពីបរទេស»។ ក្រៅពីសាច់សត្វម៉ាស៊ីននេះក៏អាចត្រួតពិនិត្យមើលទៅលើសាច់ត្រី ត្រីងៀត ប្រហុក ផ្អកដែលគេបានដាក់ថ្នាំកុំឱ្យរុយរោម កុំឱ្យស្អុយ និងរក្សាទុកបានយូរ ឬមានជាតិពុលអ្វីខ្លះនៅក្នុងផលិតផលកសិកម្ម ដែលលក់នៅក្នុងទីផ្សារកម្ពុជា៕
មតិយោបល់