ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញជលផល បានប្រលែងកូនត្រី អន្ទង់ បង្កង អណ្តើក ក្នុងអាងទឹកធម្មជាតិជាំតាហឹង ស្ថិតក្នុងភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
លោក លី ឡេង អភិបាលរងខេត្តត្បូងឃ្មុំ បានអានរបាយការណ៍ថា អាងទឹក ជាំតាហឹង នេះត្រូវបានកសាងឡើងនៅចុងឆ្នាំ១៩៧៥ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងបញ្ចប់នៅឆ្នាំ១៩៧៧ មានប្រវែងសរុប២៧៤១ម៉ែត្រ និងទទឹងប្រមាណ៥០០ម៉ែត្រ ក្បាលទំនប់ខាងត្បូង ជាប់នឹងភូមិស្រម៉ ឃុំទឹកជ្រៅ និងចុងទំនប់ខាងជើងជាប់នឹង ភូមិគោកស្រឡៅ ឃុំចុងជាច ស្រុកតំបែរ និងអាចស្តុកទឹកស្រោចស្រព ដីស្រែប្រាំងប្រមាណ ៣០០ហិចតា នៅផ្នែកខាងក្រោមនៃទំនប់ និងប្រមាណ ៣០០ហិចតា នៅរដូវវស្សា ។ នៅឆ្នាំ ២០០៧ យើងបានលែង កូនត្រីចំនួន១០០០០កូន (មួយម៉ឺន) ចូលក្នុងអាង ក្នុងនោះកូនត្រីប្រាចំនួន ៧០០០កូន និងកូនត្រីឆ្ពិនចំនួន៣០០០កូន ហើយនៅឆ្នាំ២០០៨ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ក៏បានមកបង្កើត សហគមន៍ស្រះជម្រកត្រី នៅទីនេះផងដែរ ។
ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានជំរុញឲ្យមន្ត្រីជំនាញ ពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹង កិច្ចសហការជាប់ ជាប្រចាំជាមួយអាជ្ញាធរដែនដី គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស តាមគ្រប់ រូបភាព ក្នុងនោះមានបទល្មើសព្រៃឈើ ជលផល ចលនាសត្វ ដោយខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពិសេសតំបន់ជាប់ព្រំដែន ក្នុងស្មារតី ទទួលខុសត្រូវ ។
សូមបញ្ជាក់ថា ក្នុងពិធីនេះ មានការប្រលែងកូនត្រីចំនួន១០ម៉ឺនកូន រួមមាន ៖ កូនត្រីឆ្ពិន ចំនួន៨៥០០ ត្រីកាហែ ១០០០០ ត្រីក្រាញ់៥០០ ត្រីកន្ធរ ១៥០០ ត្រីប្រា ៣០០០ ត្រីគល់រាំង១០ក្បាល អន្ទង់៥០ អណ្ដើក៤ក្បាល និងបង្កង១០០០០កូន ៕
មតិយោបល់