ព័ត៌មានជាតិ

គាស់ទូដែកក្នុងរោងចក្រ លួចលុយជិត១០ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញៈ ជនសង្ស័យបានធ្វើសកម្មភាពលួចគាស់ទូដែកក្នុងរោងចក្រ ហើយប្រមូលលុយជិត១០ម៉ឺនដុល្លារ និងលុយខ្មែរជិត២០លានរៀលបានសម្រេច កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅរោងចក្រផលិតស្បែកជើងយ៉ីហោវីងស្តាស៊ូ តាមផ្លូវជាតិលេខ៣ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានរត់គេចខ្លួនអស់រយៈពេល១៥ថ្ងៃ រហូតដល់ម៉ោង១១ព្រឹកថ្ងៃទី២៥ សីហា នេះ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅសហការណ៍ជាមួយកម្លាំព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យមានឈ្មោះ វ៉ាន់ ចាន់ទុំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ អតីត ជំនួយការរដ្ឋបាលរោងចក្រវីងស្តាស៊ូ នៅស្រុកគងពិសី ស្នាក់នៅផ្ទះជួល ភូមិចោមចៅ សង្កាត់ចោមចៅ មានលំនៅដ្ឋាន ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

នគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធករណីលួចគាស់ទូដែក នៅក្នុងរោងចក្រផលិតស្បែកជើង វីង ស្តាស៊ូ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី១០ សីហា ឆ្នាំ២០១៦កន្លងមក ក្នុងនោះលុយ៩៨១៥០ដុល្លារ ប្រាក់រៀល១៩៩លានរៀល បានសម្រេចហើយជនសង្ស័យរត់គេចខ្លួន ហើយត្រូវបានតុលាកាខេត្តកំពង់ស្ពឺ ចេញដីកាបញ្ជាឲ្យជនសង្ស័យចូលខ្លួន លេខ១៩៧១ ដ.ប.ច/១៦ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ចេញដោយលោក កែវ សុធា ព្រះរាអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ។ ក្រោយពីមានដីកាបញ្ជាឲ្យចូលខ្លួន ទើបកម្លាំងជំនាញខេត្តកំពង់ស្ពឺនិងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ស្រាវជ្រាវ រហូតចាប់ខ្លួនបានតែម្តង។

ជនសង្ស័យក្រោយពីចាប់ខ្លួនតាមដីការបស់តុលាការខេត្ត រួចនាំខ្លួនឃុំជាបណ្តោះអាសន្ន និងសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ រួចបន្តនាំខ្លួនទៅការិយាល័យជំនាញ ខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ កសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

គាស់ទូដែកក្នុងរោងចក្រ (7)គាស់ទូដែកក្នុងរោងចក្រ (1)គាស់ទូដែកក្នុងរោងចក្រ (2)គាស់ទូដែកក្នុងរោងចក្រ (3)គាស់ទូដែកក្នុងរោងចក្រ (4)គាស់ទូដែកក្នុងរោងចក្រ (5)

មតិយោបល់