ព័ត៌មានជាតិ

រថយន្តម៉ាកPriusមួយគ្រឿង បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង០៤និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-4878 បើកបរបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់រងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសនារីពីរនាក់ មានវ័យប្រហាក់ប្រហែលជាង២០ឆ្នាំ បានជិះរថយន្តម៉ាក Prius មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងល្បឿនលឿន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូត ជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់ខ្ទាតរងការខូចខាត ។ ចំណែករថយន្តបង្កហេតុនោះវិញ ក៏បានរងការខូចខាតយ៉ាង ដំណំ ។ បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកបើកបរនិងអ្នករួមដំណើរជាមួយនៅក្នុងរថយន្តនោះ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ស្រមោលតែម្តង ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ពុំមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យមើលជាក់ស្តែង ។ បន្ទាប់មកប្រគល់ទៅឲ្យខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់