ព័ត៌មានជាតិ

ករណីបុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: នាវេលាម៉ោង ១២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹង បើកបររថយន្តមួយគ្រឿងម៉ាកឡុចស៊ីសRX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BS-6584 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០៨ ពីកើតទៅលិចនិងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានរេចង្កូតទៅខាងស្ដាំជ្រុលទៅ បុកបង្គោលភ្លើងថ្មមួយដើម បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច ចំណែកឯរថយន្តបានរងការខូចខាតក្រពឹត និងបាក់ក្រឡេកង់ខាងមុខចំហៀងខាងស្ដាំទៅមុខលែងរួច។

ក្រោយពេលកើតហេតុដោយមិនមានសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ក៏មានខាងយានដ្ឋានជួសជុលរថយន្តយីហោ ហ៊ីម លីហេង ដែលមានទីតាំងនៅខាងកើតកន្លែងកើតហេតុ បានបើករថយន្តមួយគ្រឿងមកសណ្តោង យករថយន្តបង្កគេចចូលទៅក្នុងយានដ្ឋាននោះបាត់ស្រមោលតែម្ដង៕

មតិយោបល់