ព័ត៌មានជាតិ

អាណោចអាធ័មណាស់! ក្មេងប្រុសអាយុ២ឆ្នាំម្នាក់បានលង់ទឹកផែ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី មានករណីក្មេងប្រុសម្នាក់ បានលង់ទឹកផែស្លាប់ក្រោយម្ដាយទុកចោល ។ ហេតុការណ៍នេះ កើតឡើងនៅចំណុចផែរបស់ជនរងគ្រោះ ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ដូង ជីវ័ន្ត ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ឪពុកឈ្មោះ ថៃ ដូង ភេទប្រុស អាយុ៣៤ឆ្នាំ -ម្ដាយឈ្មោះ ហេង ហួច ភេទស្រី អាយុ ៣៣ ឆ្នាំ អ្នកទាំងពីររស់នៅភូមិ-ឃុំកើតហេតុលើ ។

យោងតាមការបំភ្លឺរបស់ម្ដាយជនរងគ្រោះ បានឲ្យដឹងថា ខ្លួនបានទុកកូនចោលនៅខាងមុខផែហើយខ្លួនទៅដាំបាយនៅខាងក្រោយផែ ពេលត្រឡប់មករកកូនវិញ កូនបានធ្លាក់ទឹកបាត់ទៅហើយ ម្តាយឪពុកជនរងគ្រោះ បានរកអ្នកជិតខាងចុះរាវរកកូន រហូតមកដល់ម៉ោង១២និង១០នាទី ទើបរកសាកសពជនរងគ្រោះឃើញ ពេលនោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕

មតិយោបល់