ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសវ័យចំណាស់ មានជម្ងឺប្រចាំកាយរ៉ាំរ៉ៃ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ករណីនេះកើតឡើងនៅថ្ងៃពុធ១៥រោច ខែកត្តិកឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទីព្រឹក ស្ថិតនៅចំណុចដើមក្រខុបនៅក្បែររបងវត្តព្រែក ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវ៉ាញ បានប្រាប់ឲ្យដឹងថា ដោយសមត្ថកិច្ចបានទទួលព័ត៌មានពីលោក ដោក សឿន ភេទប្រុស អាយុ ៦៩ ឆ្នាំ រស់នៅភូមិព្រែក៣ ឃុំសំរោង តាមរយៈទូរស័ព្ទ អំពីករណីមនុស្សចងកស្លាប់ នៅដើមក្រខុបនៅក្បែររបងវត្តព្រែក កម្លាំងបានចុះដល់កន្លែងកើតហេតុ ដោយធ្វើការហ៊ុំព័ទ្ធកន្លែងកើតហេតុរង់ចាំជំនាញបច្ចេកទេស និងគ្រូពេទ្យមកដល់ ។
លុះជំនាញបច្ចេកទេសស្រុក និងខេត្ត ព្រមទាំងលោកគ្រូពេទ្យខេត្តមកដល់បានធ្វើការពិនិត្យហើយបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ គឹម ហៃ ភេទប្រុស អាយុ៧២ឆ្នាំ មានទីលំនៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ បានស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយពុំមានជាប់ពាក់ព័ន្ធនិងបទល្មើសណាមួយឡើយ ។
ក្រោយសមត្ថកិច្ចធ្វើការទំនាក់ទំនងជាមួយក្រុមគ្រួសារជនរងគ្រោះ អំពីករណីនេះ ទើបដឹងថាមូលហេតុ ដែលអ៊ុំប្រុសសម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយសាររូបលោកមានវិបត្តិផ្លូវចិត្ត មានជំងឺប្រចាំកាយរ៉ាំរ៉ៃ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់