ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៥និង៣០នាទី ដោយទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ផ្ទាល់មាត់ថាមានករណីលួចម៉ូតូ ភ្លាមនោះកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត បានចុះស្រាវជ្រាវមុខសញ្ញាលួច នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ យ៉ា លីយ៉ាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រួមនឹងវត្ថុតាង ទូរស័ព្ទដៃចំនួន១គ្រឿង ,ម៉ូតូចំនួន១គ្រឿង ,លុយខ្មែរ២២ម៉ឺនរៀល នាឡិកាដៃចំនួន១ ,ស្លាកលេខ១សន្លឹក (ពោធិ៍សាត់ 1M-0041) កាបូបដៃចំនួន០១ ។
យោងតាមកំណត់ហេតុបំភ្លឺរបស់ជនរងគ្រោះ ឈ្មោះ ឆក ពេជ្រចន្ដា ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ថាកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៧និង០០នាទី ខ្លួនបានឃើញជនសង្ស័យឈ្មោះ យ៉ា លីយ៉ាន មកលេងផ្ទះរបស់ខ្លួនជាមួយប្អូនប្រុសខ្លួន រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១និង ១០នាទី ជនសង្ស័យឈ្មោះ យ៉ា លីយ៉ាន បានធ្វើសកម្មភាពលួចយកម៉ូតូ ១គ្រឿង ,ទូរស័ព្ទ២គ្រឿង ,នាឡិកា ១គ្រឿង ,លុយខ្មែរ១០ម៉ឺនរៀល ហើយគេចខ្លួនទៅបាត់ ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួន នៅអធិការរដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជា ឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៥និង១០នាទីដើម្បីបំពេញនីតិវិធី ៕
មតិយោបល់