កំពង់ធំៈ ប្រជាពលរដ្ឋចំនួន៤០គ្រួសារបានជួបជុំនាំគ្នានៅមុខសាលាខេត្តកំពង់ធំ ដើម្បីសំណូមពរឲ្យអភិបាលខេត្តជួយពន្លឿនក្នុងការធ្វើប្លង់ដីជាកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ឲ្យបានឆាប់ ដើម្បីឲ្យងាយស្រួលរស់នៅប្របកមុខរបនិងធ្វើអាជីវកម្ម ចិញ្ចឹមជីវិត ដោយពុំមានការភ័យខ្លាច ដែលមានទីតាំងនៅក្នុងភូមិ បល្ល័ង្គលិច និងបល្ល័ង្គកើត ឃុំដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកអ៊ុំម្នាក់ដែលតំណាងឲ្យប្រជាពលរដ្នទាំង៤០គ្រួសារ បានលើកឡើងថា ពួកយើងខ្ញុំបានរស់នៅទីតាំងខាងលើតាំងពីឆ្នាំ១៩៨០មកម្ល៉េះ ហើយដំណាំដុះនៅជុំវិញភូមិក៏មានអាយុកាលជាង២០ឆ្នាំហើយ ហើយចំពោះការសុំឲ្យខេត្តជួយចេញប្លង់ដីជាកម្មសិទ្ធិនេះបានធ្វើជាច្រើនសារមកហើយតាំងពីជំនាន់ លោក ណាំ ទុំ អភិបាលខេត្តកំពង់ធំ រហូតដល់លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំ និងរហូតដល់បច្ចុប្បន្ន លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ នៅមិនទាន់ដោះស្រាយចេញប្លង់ជូនប្រជាពលរដ្ឋនៅឡើយ ដូច្នេះយើងខ្ញុំមកថ្ងៃនេះ គឺសុំឲ្យអភិបាលខេត្តជួយពន្លឿនក្នុងការចេញប្លង់ដីជាកម្មសិទ្ធិស្របច្បាប់ដល់ពួកយើងផង ព្រោះកន្លងមកមានមន្រ្ដីជំនាញជាច្រើនចុះទៅវាស់វែងច្រើនលើច្រើនសារ នៅមិនទាន់ចេញប្លង់ឲ្យនៅឡើយ។
លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ បានប្រាប់ថា ប្រជាពលរដ្នខ្លះរស់នៅលើដីនេះយូរ និងខ្លះទើបតែមកនៅ តែពលរដ្ឋទាំងនេះពុំមានប្លង់ដីជាកម្មសិទ្ធិទេ មានតែបង្កាន់ដៃ លក់ទិញ ដូច្នេះខ្ញុំពុំហ៊ានសម្រេចទេ ព្រោះដីនេះក្រសួងជាអ្នកគ្រប់គ្រោង ដូច្នេះទាល់ថ្នាក់ខេត្តនិងថ្នាក់ជាតិជាអ្នកសម្រេច។
ក្នុងឪកាសនោះ លោក គង់វិមាន បានមានប្រសាសន៍ថា ខាងសាលាខេត្តកំពង់ធំបានទទួលយកសំណូមពររបស់ប្រជាពលរដ្នទាំង៤០គ្រួសារហើយតែសុំឲ្យទុកពេលឲ្យមន្រ្ដីថ្នាក់ខេត្ត និងថ្នាក់ជាតិបានជួបគ្នាសិក្សា ពិភាក្សានិងរកដំណោះស្រាយក្នុងការចេញប្លង់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ន។
ប្រជាពលរដ្នទាំង៤០គ្រួសារ អបអរសាទរបានថ្លែអំណរគុណចំពោះ លោក គង់ វិមាន អភិបាលរងខេត្ត ព្រមទាំងលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ព្រមទាំងរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងក្ដីកង្វល់របស់ប្រជាពលរដ្នជាធំ៕
មតិយោបល់