ព័ត៌មានជាតិ

ស្រ្តីកម្មការិនីរោងចក្រម្នាក់ ឈឺពោះសម្រាលកូនស្រីម្នាក់នៅលើកង់បីតាមដងផ្លូវ សំណាងមានសុខភាពល្អទាំងម្តាយនិងកូន

ភ្នំពេញ: ស្រ្តីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ មានផ្ទៃពោះត្រូវប្ដីចុះចោល រយ:ពេល៦ខែមកហើយ រហូតមកដល់វេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាងឈឺពោះសម្រាលកូន ។ ខណ:នោះអ្នកជិតខាងបានហៅម៉ូតូកង់បីដឹកទៅកាន់មន្ទីរពេទ្យ តាមផ្លូវចោមចៅ ប៉ុន្តែមិនទាន់ដល់ផង ក៏សម្រាលបានកូនស្រីម្នាក់ នៅតាមផ្លូវ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីរូបនោះឈ្មោះ ស្រីនី អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នាងនិងប្ដីបានទៅស្នាក់នៅបន្ទប់ជួលខាងលើ ជាង១ឆ្នាំកន្លងមកហើយ ហើយក្រោយមកអត់ដឹងមានរឿងអ្វីកើតឡើងនោះទេ ក៏ត្រូវប្ដីចុះចោលទៅបាត់ ខណ:ដែលនាងមានផ្ទៃពោះ៣ខែទៅហើយ ដោយទុកឲ្យនាងនៅបន្ទប់ជួលខាងលើ លំបាកវេទនាតែម្នាក់ឯង ។

ប្រភពដដែលបានប្រាប់ទៀតថា រហូតដល់វេលាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាងឈឺពោះអ្នកជិតខាងបានហៅម៉ូតូកង់បី ដឹកទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងវិញ ប៉ុន្តែពេលទៅដល់ត្រឹមខាងកើតផ្សារចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ នាងឈឺពោះកាន់តែខ្លាំងឡើង ក៏បានសម្រាលនៅលើម៉ូតូកង់បី ភ្លាមៗ អ្នកនៅក្បែរនោះក៏ហៅក្រុមគ្រូពេទ្យបង្អែកពោធិ៍ចិនតុង និងក្រុមសង្គ្រោះអង្គភាព៧១១ ឲ្យទៅជួយបង្កើតបានកូនស្រីម្នាក់ ដោយសុវត្ថិភាព បន្ទាប់មកទើបបបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីថែទាំសុខភាពបន្តទៀត ៕

មតិយោបល់