Reuters ៖ ធនាគារធំមួយរបស់បារាំង បានសហការជាមួយនឹងបណ្ដាញទំនាក់ទំនងសង្គម Twitter អនុញ្ញាតឲ្យអតិថិជនធ្វើការផ្ទេរប្រាក់តាមរយៈ Twitter។
Groupe BPCE ជាធនាគារធំលំដាប់ទី២ដែលមានអតិថិជនច្រើនជាងគេនៅក្នុងប្រទេសបារាំង បានសម្រេចចិត្តសហការជាមួយ Twitter ដើម្បីបង្កើតសេវាកម្មថ្មី គឺ Online Payments ដើម្បីបង្កើនប្រាក់ចំណូល និងការផ្សព្វផ្សាយ និងមួយវិញទៀត ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន។
ធនាគារមួយនេះបាននិយាយថា អតិថិជននៅក្នុងប្រទេសបារាំងទាំងអស់ អាចប្រើប្រាស់សេវាកម្មនេះ ដើម្បីផ្ទេរ ឬផ្ញើប្រាក់ពីមនុស្សធម្មតាទៅកាន់អថិតិជន ឬទៅកាន់អ្នកដែលមានគណនីធនាគារ ហើយការផ្ទេរនេះទៀតសោតពុំចាំបាច់បំពេញលក្ខណៈច្រើននោះទេ។
BPCE និង Twitter ពុំបានផ្ដល់ព័ត៌មានលម្អិតពីសេវាកម្មនេះនោះទេ ព្រោះត្រូវរងចាំការធ្វើសន្និសីទព័ត៌មាននៅក្នុងទីក្រុងបារីស នារយៈពេលប៉ុន្មានថ្ងៃខាងមុខ។
គួរបញ្ជាក់ផងដែរថា នៅមុននេះ Apple បានប្រកាសបង្ហាញសេវាកម្មទូទាត់សាច់ប្រាក់តាមរយៈទូរស័ព្ទដៃ Apple Pay ខណៈដែលថ្មីៗនេះ មានព័ត៌មានថា Facebook នឹងដាក់ឲ្យប្រើប្រាស់សេវាកម្មបែបនេះក្នុងរយៈពេលឆាប់នេះផងដែរ៕
មតិយោបល់