-

យុវជន ៣នាក់ រួមភេទជាមួយអនីតិជន ត្រូវអាណាព្យាបាលដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចអនុវត្តតាមច្បាប់

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៦និង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបវេល បានឃាត់ខ្លួនយុវជន ៣នាក់ រួមភេទជាមួយអនីតិជន បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីអាណាព្យាបាលជនរងគ្រោះ។

ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន លោកវរសេនីយ៍ឯក សុខ សារិន​ អធិការនគរបាលស្រុកបវេល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់រួមាន ៖ ១.ឈ្មោះ កែវ កៅលី ហៅលី ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង (ឃាត់ខ្លួន) ។ ២.ឈ្មោះ ណោ ឆៃយុត ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិទំនប់ទឹក ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង (ឃាត់ខ្លួន) ។ ៣.ឈ្មោះ វុទ្ធី សុធន ហៅដន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង (ឃាត់ខ្លួន) ។ ៤.ឈ្មោះ ឈួម ឈី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទំនប់ទឹក ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង (គេចខ្លួន)។

សមត្ថកិច្ចបានសាកសួររួច ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរួមភេទទៅលើជនរងគ្រោះឈ្មោះ រ.ល.ស ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ស្រុកបវេល កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី-ច្បាប់៕

មតិយោបល់