បាត់ដំបងៈ យោងតមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២៣និង២០នាទី ត្រង់ចំណុចផ្លូវលេខ៥៧B1 ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលអោយមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានរាយការណ៍ អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងម៉ូតូ ០១គ្រឿង ម៉ាកយ៉ាម៉ាហា (YAMAHA) ពណ៌ខ្មៅលាយខៀវ គ្មានពាក់ស្លាកលេខ អ្នកបើកបរឈ្មោះ យឹង យិន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិយាអ៊ុត ឃុំឃុតតាសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ) បើកក្នុងទិសដៅពីជើងទៅទៅត្បូង លុះដល់កន្លែងកើតហេតុ បានបើកទៅបុកនឹងម៉ូតូ០១គ្រឿងទៀត ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AC-8431 អ្នកបើ0កបរឈ្មោះ ចាន់ វិទ្ធី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង (រងរបួសធ្ងន់ បាក់ភ្លៅឆ្វេង) ដែលបើកបរច្រាស់ទិសគ្នា បណ្ដាលអោយដួលនៅកន្លែងកើតហេតុ ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលដោយអ្នកបើកម៉ូតូយ៉ាម៉ាហា បើកបរមិនប្រកាន់ស្ដាំទៅបុកម៉ូតូហុងដាឌ្រីមពេញទំហឹង ។
បច្ចុប្បន្ន នគរបាលជំនាញដកហូតមធ្យោបាយបង្កទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការស្រុក ដើម្បីរង់ចាំដំណោះស្រាយតាមនីតីវិធី ។ ចំណែកជនរងគ្រោះរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ រីឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ស្រាវជ្រាវរកសាច់ញាតិ យកសពទៅដំកល់ទុកនៅវត្តដាច់ព្រាត់ ដើម្បីអោយសាច់ញាតិទៅយកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់