ព័ត៌មានជាតិ

ក្រុមជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីយកកាំបិតខ្វែវដេញកាប់ជនរងគ្រោះ២នាក់ និងកាប់ម៉ូតូខូចខាត២គ្រឿង

កណ្តាល: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញស្នងការដ្ឋានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅម៉ោង១៥រសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ក្រោយពីក្រុមជនសង្ស័យ បានយកកាំបិតខ្វែវចំនួន០៣ដើម នាំគ្នាជិះទៅចាំផ្លូវក្រុមជនរងគ្រោះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០០និង៣០នាទី ។ នៅចំណុចលើផ្លូវជាតិលេខ៦ មុខក្លោងទ្វារវត្តឧត្តមសាមគ្គី (ហៅវត្តឈើទាល) ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះចំនួន០២នាក់៖ ១-ឈ្មោះ យ៉ាត យ៉ារីន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទ ។ ២-ឈ្មោះ អាត ធារិទ្ធ (ហៅពៅ) ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ 
អ្នកទាំងពីរ មានទីលំនៅបច្ចុប្បន្នភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ចំណែកជនសង្ស័យដែលឃាត់ខ្លួន០១នាក់ ឈ្មោះ សួន ពេជ្រសំអូន ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ រីឯបក្ខពួកបានគេចខ្លួន ។
  
សម្ភារ:ខូចខាតម៉ូតូចំនួន០២គ្រឿង៖
១.ម៉ូតូ ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស ពាក់ផ្លាកលេខ កណ្ដាល 1AD-6542 ០១គ្រឿង ។ 
២.ម៉ូតូ ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AA-0337 ០១គ្រឿង របស់ជនរងគ្រោះឈ្មោះ អាត ធារិទ្ធ ។

ចំណែកវត្ថុតាងចាប់យករួមមាន៖ ម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CK-6867 ០១គ្រឿង ជារបស់ជនសង្ស័យដែលគេខ្លួន ។

ប្រភពដដែលបានបន្តថា កន្លងមកក្រុមជនសង្ស័យ និងក្រុមជនរងគ្រោះធ្លាប់មានគំនុំជាមួយគ្នា ។ នៅថ្ងៃខែឆ្នាំកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិចំនួន០៤នាក់ទៀត ប្រើមធ្យោបាយម៉ូតូចំនួន០៣គ្រឿង បានមកពីមើលការប្រគំតន្ត្រី នៅរង្វង់មូលនាងមច្ឆាផ្លូវ OCIC ខណ្ឌជ្រោយចង្វារ ។ ចំណែកក្រុមជនសង្ស័យ បានជួបជុំគ្នានៅមុខវត្តព្រែកអញ្ចាញ ហើយបានដឹងថាក្រុមជនរងគ្រោះ ចេញមកពីរង្វង់មូលនាងមច្ឆាផ្លូវ OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមកវិញ ភ្លាមនោះក្រុមជនសង្ស័យ បាននាំគ្នាជិះម៉ូតូចេញពីមុខវត្ត និងយកកាំបិតខ្វែវចំនួន០៣ដើម នាំគ្នាជិះទៅចាំផ្លូវក្រុមជនរងគ្រោះ ពេលជិះទៅដល់ចំណុចផ្លូវឆ្លងកាត់មុខក្លោងទ្វារវត្តឈើទាល កន្លែងកើតហេតុ បានជួបក្រុមជនរងគ្រោះ ភ្លាមនោះ ក្រុមជនសង្ស័យបានលើកខ្វែវដេញកាប់លើក្រុមជនរងគ្រោះ ហើយជនរងគ្រោះបានឈប់ម៉ូតូរត់គេចខ្លួន ក្នុងពេលនោះក្រុមជនសង្ស័យ បានដេញកាប់ក្រុមជនរងគ្រោះ និង កាប់ម៉ូតូរបស់ជនរងគ្រោះខូចខាត់ម៉ូតូចំនួន០២គ្រឿង ។ ក្រោយពីធ្វើសកម្មភាពហើយ ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ ។ 
  
ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងកំពុងកសាងសំណុំរឿង ។ ចំណែកឯជនសង្ស័យ ដែលគេចខ្លួន កម្លាំងកំពុងបន្តស្រាវជ្រាវ ដើម្បីឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី ៕

មតិយោបល់