ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់និងបក្ខពួក ធ្វើសកម្មភាពដេញកាប់ជនរងគ្រោះ២នាក់ ព្រោះមានគំនុំជាមួយគ្នា ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី​ ០៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោង០២និង១០នាទី រំលងអធ្រាត្រ មានករណីជនសង្ស័យ៣នាក់ និងបក្ខពួក បានធ្វើសកម្មភាពដេញកាប់និងវាយទៅលើជនរងគ្រោះ ព្រោះមានគំនុំជាមួយគ្នា ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅត្រង់ចំណុចផ្លូវជាតិលេខ៤ ក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនរងគ្រោះ០២នាក់ប្រុស៖ ១-ឈ្មោះ ខាន់ ចំរើន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ២-ឈ្មោះ ចាន់ ចន្ថា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនសង្ស័យចំនួន១២នាក់ប្រុស ឃាត់ខ្លួន០៣នាក់ (ឈ្មោះក្រុមDL) ១-ឈ្មោះ ឃី កុលវឌ្ឍន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួនថ្ងៃទី០៥.១២.២០២២)។ កាន់ដំបងឈើ
២-ឈ្មោះ យិន លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត នៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួនថ្ងៃទី០៥.១២.២០២២)។ កាន់ដែកដងឆ័ត្រ ។ ៣-ឈ្មោះ សាំង សុឌីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួនថ្ងៃទី០៥.១២.២០២២) ។ កាន់កាំបិតផ្គាក់ ។

វត្ថុតាងចាប់យក៖
-កាំបិតផ្គាក់ចំនួន០១
-ទូរស័ព្ទដៃ១គ្រឿង ម៉ាកoppo ពណ៌ក្រហម

ផលប៉ះពាល់៖ ១-ឈ្មោះ ខាន់ ចំរើន មានរបួសបែកមាត់ខាងស្ដាំ និងខូចខាតម៉ូតូម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង 1S-3572 ។ ២-ឈ្មោះ ចាន់ ចន្ថា មានរបួសបែកក្បាល ផ្នែកខាងស្តាំមានរបួសដេរចំនួន០៧ថ្នេរ និងរបួសចិញ្ចើមខាងឆ្វេងដេរចំនួន០៨ថ្នេរ និងស្នាមរលាត់ស្បែកក និងខូចខាតម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ ឆ្នាំ២០២០ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1K-3360 ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុជនរងគ្រោះទី១ បានចេញពីកម្មវិធីខួបកំណើតមិត្តភ័ក្ដនៅរាជធានីភ្នំពេញ ឆ្ពោះទៅផ្ទះនៅភូមិត្រពាំងទ្រា ឃុំបែកចាន ពេលជិះដល់ចំណុចក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រាប់តែមានបក្ខពួកជនសង្ស័យ កាន់កាំបិតផ្គាក់ ដាវ ដំបង ដែកដងឆ័ត្រ បានដេញវាយទៅលើជនរងគ្រោះ និងកាប់ម៉ូតូជនរងគ្រោះ រងការខូចខាត ហើយជនសង្ស័យក៏ជិះគេចខ្លួនទៅផ្លូវជាតិលេខ៤ ក៏ជួបជាមួយនឹងជនរងគ្រោះទី២ នៅចំណុចកើតហេតុភូមិបែកចាន ឃុំបែកចាន ដែលកំពុងជិះម៉ូតូចេញមកពីក្នុងក្លឹបG21 ផ្លូវវេងស្រេង រាជធានីភ្នំពេញ ទៅបន្ទប់ជួលភូមិស្វាយជ្រុំ ឃុំបែកចាន ។ ទើបជនសង្ស័យដេញកាប់ទៅជនរងគ្រោះ បណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរ និងខូចខាតម៉ូតូមួយគ្រឿង ។
បច្ចុប្បន្នជនរងគ្រោះទី២ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ។
តាមចម្លើយសារភាព របស់ជនសង្ស័យទាំង៣នាក់ និងបក្ខពួក បានធ្វើសកម្មភាពដេញកាប់ និងវាយ ទៅលើជនរងគ្រោះ ពិតប្រាកដមែន មូលហេតុមានគំនុំជាមួយគ្នា និងដើម្បីសប្បាយ (កាត់សាញ) ។

ចំពោះករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់