ព័ត៌មានជាតិ

ករណីម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២​ វេលាម៉ោង៧និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្រ្តីវ័យ៥៩ឆ្នាំម្នាក់ ជិះម៉ូតូបត់ឆ្លងថ្នល់មិនប្រយ័ត្ន ត្រូវម៉ូតូ០១គ្រឿងទៀតបុក បណ្តាលឲ្យរងរបួសធ្ងន់ នឹងរងរបួសស្រាល០១នាក់ ក្នុងដំណើរស្របទិសគ្នា ហេតុការណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧០-១៧១ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥សេរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1H-8272 បើកបរដោយឈ្មោះ នូ អុន ភេទស្រី អាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង និងបាក់ដៃខាងឆ្វេង) ធ្វើចរាចរណ៍ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បត់ឆ្វេងឆ្លងថ្នល់បានត្រូវម៉ូតូ០១គ្រឿងបុកយ៉ាងពេញទំហឹង ម៉ាកហុងដាឌ្រីមសេ១២៥ សេរី០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HP-1776 បើកបរដោយឈ្មោះ ហុល ដានី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរ ធ្វើការអង្គការហត្ថាកសិករ (រងរបួសស្រាល) ។

ចំពោះអ្នករងរបួសធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍ បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿនលឿន អ្នកបើកបរម៉ូតូបត់ឆ្លងថ្នល់ ខ្វះការប្រុងប្រយ័ត្ន ចំពោះវត្ថុតាងម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមនីតិវិធី ៕

មតិយោបល់