ព័ត៌មានជាតិ

រថយន្ត ២គ្រឿងបុកគ្នា ត្រង់ចំណុចស្តុបផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់រួមដំណើរជាមួយនឹងបុរស ២នាក់ទៀត បានបើករថយន្តម៉ាក fordraptor មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តម៉ាក ford ranger បើកឆ្លងស្តុបមួយគ្រឿងទៀត ចំពាក់កណ្ដាលយ៉ាងពេញទំហឹង ផ្លោងបោកផ្ទប់និងដើមឈើ បណ្តាលឲ្យបុរស ២នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីកែងនឹងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក ford ranger ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BC-1826 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត ធ្វើដំណើរចេញពីផ្លូវភ្លោះ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនបានបើកឆ្លងស្តុប ខណ:ពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក fordRaptor ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា BUNT6189 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរស ២នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្នជាន់ហ្គែរទៅមុខ ជ្រុលទៅបុករថយន្ត ford ranger ចំពាក់កណ្ដាលផ្នែកខាងឆ្វេងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត fordranger ប៉ើងផ្ទប់និងដើមឈើ រងការខូចខាតធ្ងន់ធ្ងរ និងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកឯភាគីខាងម្ចាស់រថយន្តម៉ាក fordRaptor វិញក៏រងរបួសបុរសជានាក់រួមដំណើរម្នាក់ធ្ងន់បញ្ជូនទៅសង្រ្គោះបន្ទាន់ផងដែរ។

ក្រោយកើតហេតុដោយភាគីទាំងពីរមិនអាចសម្រួលគ្នាបាន សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់វាស់វែងនិងធ្វើកំណត់ហេតុ រួចស្ទូចយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕








មតិយោបល់