ព័ត៌មានជាតិ

បុរសម្នាក់របួសធ្ងន់បន្ទាប់ពី រថយន្តព្រូសបុកជាមួយម៉ូតូហុងដាឌ្រីមត្រង់ចំណុចផ្លូវបំបែក

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវលេខ១១ ត្រង់ចំណុចផ្លូវបែកជា៣ ស្ថិតនៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។រវាងរថយន្តម៉ាក តូយ៉ូតាព្រូស បានបើកបុកជាមួយម៉ូតូ ហុងដាឌ្រីម សេ១២៥ បណ្ដាលឲ្យ
បុរសម្នាក់រងរបួសបាក់ជើង បញ្ជូនទៅសង្រ្គោះភ្លាមៗ។

តាមប្រភពពីកន្លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-4546 បើកបរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបត់ឆ្វេងហើយក៏ជ្រុលទៅបុកជាមួយជនរងគ្រោះកំពុងជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1W-0744 ដែលកំពុងធ្វើដំណើរពីជើងទៅត្បូងពេញទំហឹងតែម្ដង។

ប្រភពដដែលបានឲ្យដឹងទៀតថា ពេលនោះបណ្ដាលឲ្យបុរសអ្នកជិះម៉ូតូរងរបួសធ្ងន់បាក់ជើង ហើយរថយន្តនិងម៉ូតូរងខូចខាត ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះ បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅទី១ និងសមត្ថកិច្ចជំនាញចុះទៅធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំការដោះស្រាយពេលក្រោយ ៕





មតិយោបល់