ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនថៅកែហាងម៉ាស្សាម្នាក់ បើកប្រព្រឹត្តិអំពើសញ្ចារកម្មចំនួន២ទីតាំង និងសង្គ្រោះនារីរងគ្រោះបាន០៨នាក់

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលផែនការងារប្រឆាំការជួញដូរមនុស្ស និងការពារអនីតិជននិងការងារយេនឌ័រ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី ដោយមានការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកវរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ២៤៣ អ.យ.ក ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ របស់អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ក់ ឧត្តម ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ (ថៅកែហាងម៉ាស្សា ចំនួន០២ទីតាំង) និងសង្គ្រោះជនរងគ្រោះបានចំនួន០៨នាក់ ស្រី (អនីតិជន០២នាក់) ។

ទីតាំងបើកកន្លែងប្រព្រឹត្តិអំពើសញ្ចារកម្ម នៅហាងម៉ាស្សាចំនួន០២ទីតាំង ៖
១. ហាងម៉ាស្សាយីហោ (កុលាបក្រហម ១៦៨) នៅផ្ទះលេខ៣៣ ផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (នារីម៉ាស្សា ០២នាក់) ។
២. ហាងម៉ាស្សាគ្មានឈ្មោះ ផ្ទះលេខ២៨១ ផ្លូវបេតុងទី១ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (នារីម៉ាស្សា ០៦នាក់ អនីតិជន ០២នាក់) ។

វត្ថុតាងដកហូត៖ ស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំណែកជនរងគ្រោះចំនួន០៦នាក់ ស្រី (អនីតិជន០២នាក់) បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕

មតិយោបល់