ភ្នំពេញៈ បើទោះជាតារាចម្រៀងលោកអេឡិច ចន្ត្រា និងនាងសុគន្ធ និសា បានចាកចេញពីប្រទេសកម្ពុជាតាំងពីថ្ងៃទី១៨ សីហា ក៏តារាទាំងពីដួងនេះទើបតែដល់ថ្ងៃច្រៀងធំនៅព្រឹកថ្ងៃទី២៨ សីហា ខាងមុខប៉ុណ្ណោះ។ អ្នកទាំងពីទទូចឲ្យមានការទិញសំបុត្រចូលទស្សនាចំពោះការសម្ដែងរបស់ខ្លួនឲ្យច្រើន ដោយសារតែថវិកាដែលទទួលបានគឺជាការរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោកអេឡិច ចន្ត្រា បានបង្ហោះជាសាធារណៈថា នៅថ្ងៃទី២៨ សីហានេះ លោក និងកញ្ញាសុគន្ធ និសា នឹងដល់ថ្ងៃសម្ដែងធំរបស់ខ្លួនហើយ។ អ៊ីចឹងហើយទើបក្នុងប៉ុន្មានថ្ងៃនេះគេឃើញតារាទាំងពីរចំណាយពេលដើរលេងច្រើន ដោយសារតែការសម្ដែងនៅមិនទាន់ដល់។ លោកបាននិយាយថា ការប្រគំតន្ត្រីជាផ្លូវការនោះ គឺត្រូវធ្វើឡើងនៅថ្ងៃទី២៨ សីហា នៅទីតាំងSagamihara ស្ថិតក្នុងប្រទេសជប៉ុន ដោយការច្រៀងរាំនឹងចាប់ពីម៉ោង១០ព្រឹករហូតដល់ម៉ោង៥ល្ងាច ដោយមានការរំពឹងយ៉ាងខ្លាំង ថានឹងមានសិស្សនិស្សិត និងពលករខ្មែរស្នាក់នៅប្រទេសជប៉ុនចូលទស្សនាច្រើន។ លោកថាការប្រគំតន្ត្រីនៅថ្ងៃទី២៨ សីហានេះ គឺជាកម្មវិធីសប្បុរសធម៌ទាំងស្រុង ដោយអ្នកធានាមកធ្វើឡើងដើម្បីយកលុយមកជួយមន្ទីរពេទ្យគន្ធបុប្ផាសុទ្ធសាធ ទើបលោក និងសុគន្ធ និសា ទទូចឲ្យចូលរួមទស្សនាឲ្យបានច្រើន ដើម្បីឲ្យអ្នកធានាទទួលថវិកាពីការប្រគំតន្ត្រីយកទៅជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផាឲ្យបានច្រើន។ លោកអេឡិច ចន្ត្រា បន្តថា នៅថ្ងៃទី២៨នោះ លោក និងសុគន្ធ និសា នឹងមានបទចម្រៀងជាច្រើនដើម្បីឲ្យអ្នកចូលរួមរាំកម្សាន្ត ហើយក្រោយការបញ្ចប់ការសម្ដែងនោះគឺលោកនឹងចាកចេញមកកាន់ទឹកដីកំណើតនៅថ្ងៃទី៣០ សីហាដំណាច់ខែ។
ជាមួយនឹងការប្រកាសនេះ គឺមានន័យថាលោកអេឡិច ចន្ត្រា និងសុគន្ធ និសា មិនទទួលបានប្រាក់កម្រៃក្នុងការចេញច្រៀងនោះទេ ប៉ុន្តែអ្នកទាំងពីរទទួលបានការលើកទឹកចិត្ត និងការសរសើរបន្ទាប់ពីពួកគេទទួលច្រៀងកម្មវិធីសប្បុរសធម៌។ យ៉ាងណាមិញ អ្នកទាំងពីរក៏បាន ចេញដើរកម្សាន្តនៅលើទឹកដីជប៉ុនផងដែរ បើទោះជាពួកគេទៅត្រូវចំប្រទេសជប៉ុនពើបប្រទះនឹងព្យុះកំណាចមួយ ដែលធ្វើឲ្យអ្នកទាំងពីរមានការភ័យបារម្ភពីសុវត្ថភាពតិចតួច៕
មតិយោបល់